ពលរដ្ឋមីយ៉ាន់ម៉ាបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនិឹងការគ្រប់គ្រងដោយយោធានៅថ្ងៃខួបកំណើតមេដឹកនាំយោធា លោក Min Aung Hlaing អាយុ៦៥ឆ្នាំ។
ការធ្វើបាតុកម្មប្រឆាំងយោធាបានកើតឡើងរយៈពេលជាង៥ខែកន្លងមកហើយចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ ផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី
អោងសាន ស៊ូជី ។ បាតុករមួយរូបឈ្មោះ Kyaw Min នៅទីក្រុងYangonដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃទី៣ខែកក្កដាថា «យើងបន់ស្រន់ឲ្យវិញ្ញាណរបស់លោក(Min Aung Hlaing )ចុះទៅនរក»។
ក្រុមបាតុករបានដុតរូបមេដឹកនាំយោធា Min Aung Hlaing ព្រមទាំងក្តារមឈូសមានរូបរបស់លោកផងដែរ ។ ពលរដ្ឋបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ខណៈប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយយោធាបានផ្សាយផ្ទាល់ពិធីខួបកំណើតមេទ័ព Min Aung Hlaing ។
នៅក្នុងព្រឹត្តិការណ៍មួយទៀតដែលពាក់ព័ន្ធនោះដែរ នៅថ្ងៃទី ៣ខែកក្កដា រដ្ឋាភិបាលអាមេរិក បានអនុម័តដាក់ទណ្ឌកម្មទៅលើបុគ្គលដែលជាមន្ត្រីជាន់ខ្ពស់ក្នុងកម្លាំងយោធា២២រូប ក្នុងនោះមានរដ្ឋមន្ត្រី៤រូប ជាការតបតនឹងការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះ ក៏ដូចជាការប្រើហិង្សាលើក្រុមបាតុករ។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសពីកញ្ចប់ទណ្ឌកម្មថ្មីខាងលើនេះ ដោយមានគោលដៅលើបុគ្គល ៧នាក់នៅក្នុងរបបយោធាមីយ៉ាន់ម៉ា រួមជាមួយកូនៗ និងស្វាមី-ភរិយា
សរុបចំនួន១៥នាក់ របស់ក្រុមមន្រ្តីមីយ៉ាន់ម៉ា ដែលបានរងកញ្ចប់ទណ្ឌកម្មលើកមុនៗ រួចទៅហើយ។ មន្រ្តីមីយ៉ាន់ម៉ាដែលជាប់កញ្ចប់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក រួមមានដូចជា រដ្ឋមន្រ្តីព័ត៌មាន, រដ្ឋមន្រ្តីវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេស, រដ្ឋមន្រ្តីការងារ, រដ្ឋមន្រ្តីសុខុមាលភាពសង្គម និងសមាជិក៣នាក់នៃក្រុមប្រឹក្សារដ្ឋ ដែលយោធាមីយ៉ាន់ម៉ាបង្កើតឡើងក្រោយរដ្ឋប្រហារ ហើយមានអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ជាប្រធាន៕ដោយ៖ធីរីណា
អ្នកគាំទ្រកាន់រូបថតដែលទាមទារឱ្យមានការដោះលែងលោកស្រីអ៊ុងសានស៊ូជី៖AFP