ក្លិបបាល់ទាត់Crystal Palace បានជ្រើសរើសយកលោក Patrick Vieira អតីតកីឡាករក្រុមកាំភ្លើងធំArsenal ជាអ្នកចាត់ការទូរទៅថ្មីដើម្បីជំនួសតំណែងរបស់លោក Roy Hodgson។
អតីតប្រធានក្រុម Arsenalវ័យ៤៥ឆ្នាំនេះបានចុះហត្ថលេខាដឹកនាំក្រុម Crystal Palaceរយះពេល៣ឆ្នាំបន្តតំណែងរបស់លោក Roy Hodgsonដែលបានចាកចេញពីក្លិបកាលពីថ្ងៃទី១៨ខែឧសភាកន្លងទៅ។
លោក Patrick Vieiraត្រូវបានក្លិប Niceរបស់បារាំងបញ្ចេញពីតំណែងកាលពីខែធ្នូឆ្នាំមុន។ គាត់បានថ្លែងថា “ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលបានវិលត្រលប់មកកាន់ក្របខណ្ឌអង់គ្លេស Premier Leagueវិញ។ ក្លិប Crystal Palace មានគ្រឹះរឹងមាំ នៅក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេសហើយខ្ញុំសង្ឃឹមថានឹងអាចជួយក្រុមឲ្យកាន់តែរីកចំរើនទៅមុខ។”
គួរបញ្ជាក់ថា Patrick Vieiraចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅក្នុងថ្នាលបណ្តុះបណ្តាលបាល់ទាត់របស់ក្លិបManchester Cityហើយគាត់បានទៅដឹកនាំក្រុម New York City នៅសហរដ្ឋអាមេរិករយះពេល២ឆ្នាំកន្លះ៕
ដោយ៖ភារៈ