ភ្នំពេញ, នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកពីគម្រោងកម្ពុជាហាវែស Ⅱ (Feed the Future Cambodia Harvest Ⅱ “Harvest Ⅱ”) គឺជាគម្រោងដែលទទួលការឧបត្ថម្ភនិងគាំទ្រថវិកាចំនួនប្រមាណជា ២១,២ លានដុល្លារអាមេរិក ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មានរយៈពេល៥ឆ្នាំ៣ខែ (ចាប់ផ្តើមពីខែមេសា ឆ្នាំ២០១៧ ដល់ពាក់កណ្តាល កក្កដា ឆ្នាំ២០២២) និងមានគោលបំណងជួយជំរុញកំណើនផលិតកម្មដំណាំសាកវប្បកម្ម នៅខេត្តគោលដៅចំនួន៤គឺ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ ព្រមទាំងបណ្តាខេត្តមួយចំនួនផ្សេងទៀតដែលមានសក្តានុពលផលិតកម្មដំណាំសាកវប្បកម្មមានដូចជាខេត្តមណ្ឌលគីរី កំពង់ស្ពឺ ប៉ៃលិន និងខេត្តព្រះវិហារជាដើម។ គម្រោងនេះផ្តោតសំខាន់ទៅលើអនុវិស័យដំណាំចំនួន៤មុខ រួមមាន ដំណាំបន្លែ ស្វាយ មៀនប៉ៃលិន និងស្វាយចន្ទី។ ក្រៅពីលើកកម្ពស់ផលិតកម្មដំណាំគម្រោង ក៏បានផ្តោតការយកចិត្តទុកដាក់បន្ថែមក្នុងការពង្រឹងសមត្ថភាពដើម្បីជំរុញការផ្សារភ្ជាប់ផលិតផលដំណាំទៅនឹងទីផ្សារ ក្នុងស្រុក និងទីផ្សារអន្តរជាតិ។
តាមរយៈកិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ គម្រោងបានអនុវត្តសកម្មភាពសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. បណ្តុះបណ្ដាលអំពីការអនុវត្តកសិកម្មល្អកម្ពុជា និងវិញ្ញាបនកម្ម
អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងជំរុញការបណ្តុះបណ្ដាលស្តីពីការអនុវត្តកសិកម្មល្អកម្ពុជាដល់កសិករដើម្បីបង្កើនផលិតកម្ម និងពង្រឹងគុណភាពដំណាំមួយចំនួនដូចខាងក្រោម៖
• ដំណាំស្វាយ៖ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ និងសម្ព័ន្ធសហគមន៏កសិកម្មកម្ពុជា បានបណ្តុះបណ្តាលកសិករបង្គោលចំនួន១៥៣នាក់ក្នុងខេត្តគោលដៅទាំង៤ខាងលើ។ ប្រធានបទសំវាន់ៗនៃវគ្គបណ្តុះបណ្តាលរួមមាន បច្ចេកទេសផលិតសា្វយខុសរដូវ វិធីសាស្រ្តនៃការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាព ការប្រើប្រាស់ទឹកស្រោចស្រព ការកែលម្អគុណភាពដី ការគ្រប់គ្រងសារធាតុចិញ្ចឹម និងប្រព័ន្ធថែទាំនិងការពារដំណាំប្រកបដោយនិរន្តរភាព។
• ដំណាំមៀនប៉ៃលិន៖ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅបានបណ្តុះបណ្តាលកសិករបង្គោលចំនួន៤២២នាក់។ បច្ចុប្បន្ន កសិករបង្គោលចំនួន៥៨នាក់ កំពុងអនុវត្តការដាំដុះតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP) និងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ទទួលស្គាល់ការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP)។
• ដំណាំបន្លែ៖ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបណ្តុះបណ្តាលកសិករបង្គោលចំនួន៥០នាក់ អំពីការអនុវត្តការអនុវត្តកសិកម្មល្អកម្ពុជា ហើយពួកគាត់កំពុងអនុវត្តយ៉ាងល្អប្រសើរ និងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ទទួលស្គាល់ការការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP)។ លើសពីនេះទៀត គម្រោង បានសម្របសម្រួលផ្សារភ្ជាប់ក្រុមកសិករដើម្បីលក់ផលិតផល Cam-GAP នៅលើទីផ្សារទំនើបមួយចំនួននៅទីក្រុងភ្នំពេញ។
២. ការជំរុញការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារអន្តរជាតិនាយកដ្ឋានកសិ-ឧស្សាហកម្ម បានជួយសម្របសម្រួលក្នុងការកសាងកន្លែងកែច្នៃគ្រាប់ស្វាយចន្ទីថ្មីមួយ និងបាន បណ្តុះបណ្តាលសហគមន៏ស្វាយចន្ទីខេត្តកំពង់ធំអំពីបច្ចេកទេសកែច្នៃ ការត្រួតពិនិត្យ គុណភាព និងសុត្ថិភាពចំនីអាហារ ផលិតកម្មកសិកម្មតាមកិច្ចសន្យា និងស្តង់ដារកែច្នៃ។ តាមរយៈកិច្ចសហការជាដៃគូជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម និងក្រុមហ៊ុន Top Planning Japan គម្រោង ក៏បានផ្តល់មូលវិធិហិរញ្ញទានសម្បទានដល់សិប្បកម្មកែឆ្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ក្នុងការពង្រីកសហគ្រាសកែច្នៃតាមស្តង់ដារគុណភាព ដើម្បីនាំចេញស្វាយចន្ទីសរីរាង្គទៅប្រទេសជប៉ុនក្នុងកំឡុងងខែមិថុនាឆ្នាំ២០២១។ គម្រោង ក៏បានផ្តល់មូលវិធិហិរញ្ញទានសម្បទានដល់ក្រុមហ៊ុនកែឆ្នៃស្វាយចន្ទីសរីរាង្គមួយ ដើម្បីនាំកែច្នៃនិងនាំចេញស្វាយចន្ទីសរីរាង្គលើកដំបូងគេ ទៅប្រទេសហូឡង់ផងដែរ។
៣. ផលិតកម្មកសិកម្មតាមកិច្ចសន្យាលើដំណាំបន្លែ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសម្របសម្រួលឱ្យក្រុមផលិតដំណាំបន្លែសុត្ថិភាពចំនួន១៨ដែលមានសមាជិកចំនួន១៨៧នាក់ បានចុះកិច្ចសន្យាក្នុងការផ្គតផ្គង់ដំណាំបន្លែសុវត្ថិភាពទៅទីផ្សារ។
៤. ការបង្កើតសហភាពសហគមន៏កសិកម្ម
អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចងក្រងសហគមន៏កសិកម្មចំនួន១១ ឱ្យក្លាយទៅជាសហភាពសហគមន៏កសិកម្ម ដើម្បីប្រមូលផ្តុំនូវកម្លាំងនិងមធ្យោបាយផលិតកម្ម និងអំណាចចរចារទីផ្សារជាមួយនឹងតួអង្គទីផ្សារផ្សេងៗ។
៥. រៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តក្រៅពីសកម្មភាពការងារខាងលើ គម្រោងបាននិងកំពុងសហការជាមួយអង្គភាពជំនាញមួយចំនួនក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការងាររៀបចំ និងកសាងផែនការយុទ្ធសាស្រ្តមួយចំនួនដូចខាងក្រោម៖
១) ការរៀបចំគោលនយោបាយជាតិស្តីពីដំណាំសាវប្បកម្មឆ្នាំ ២០១៩-២០៣០
២) ការកសាងផែនការយុទ្ធសាស្រ្តការពារដំណាំ និងភូតគាមអនាម័យឆ្នាំ ២០១៩-២០២៣
៣) ការកសាងផែនការយុទ្ធសាស្រ្តខ្សែច្រវាក់តម្លៃដំណាំម្រេចសម្រាប់ការនាំចេញ
៤) ការកសាងផែនការយុទ្ធសាស្រ្តខ្សែច្រវាក់តម្លៃដំណាំមៀនសម្រាប់ការនាំចេញ
៥) ការកសាងផែនការយុទ្ធសាស្រ្តខ្សែច្រវាក់តម្លៃដំណាំស្វាយសម្រាប់ការនាំចេញ
៦) ការកសាងផែនការយុទ្ធសាស្រ្តខ្សែច្រវាក់តម្លៃដំណាំទុរេនសម្រាប់ការនាំចេញ
៧) ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា
៨) ការរៀបចំសេចក្តីព្រាងគោលនយោបាយស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា
៩) ការធ្វើបច្ចុប្បន្នភាពសេចក្តីព្រាងច្បាប់ស្តីពីគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម។
៦. លទ្ធផលនៃការអនុវត្តគម្រោងក្នុងរយៈពេល ៤ ឆ្នាំកន្លង (មកទល់ខែមេសា ឆ្នាំ២០២១)
១) ទឹកប្រាក់ដែលទទួលបានពីការលក់ចេញផលិតផលសរុប មានតម្លៃចំនួន ៥១,៥ លានដុល្លារអាមេរិក
២) ការបោះទុនវិនិយោគបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធមានតម្លៃចំនួន ១៤,២ លានដុល្លារអាមេរិក
៣) បានបង្កើតកម្កាំងពលកម្មថ្មីនៅសហគ្រាសនិងនៅចម្ការចំនួន ១ ៨៧៣ នាក់៕
ដោយ, សិលា