ភ្នំពេញ, បើយោងតាមប្រភពពី៖ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់អោយដឹងថា, លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ស្ដីពីការចាត់ចែងជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោនាយក រដ្ឋមន្ត្រី ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ដោយបានពិនិត្យ ពិភាក្សា និងការចាត់ចែងជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងសេចក្ដីព្រាងគោលនយោបាយស្ដីពីតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ រៀបចំដោយអនុគណៈកម្មការវាយតម្លៃ ផែនការយុទ្ធសាស្រ្ត, សេចក្ដីព្រាងគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ រៀបចំដោយអនុគណៈកម្មការសេវាមន្ទីរពិសោធន៍។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងកិច្ចប្រជុំនោះ បានជំរុញឲ្យអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធនិងសមត្ថកិច្ចយកចិត្តទុកដាក់ ពិសេសគឺការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩។
លោកបន្តថា ៖ ការធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ជាកិច្ចការងារមួយក្នុងចំណោមយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោ ដែលយើងត្រូវយកចិត្តទុកដាក់ ដើម្បីអនុវត្តឱ្យទទួលបានជោគជ័យ។ ក្រោយកិច្ចប្រជុំពិភាក្សានិងអនុម័តហើយ យើងនឹងធ្វើរបាយការណ៍ជូនសម្តេចតេជោផងដែរ។
ក្នុងនោះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឲ្យមានការធ្វើចត្តាឡីស័កចំពោះអ្នកដែលមកពីខាងក្រៅប្រទេស ពោលគឺឱ្យពួកគាត់ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅក្នុងមណ្ឌលចត្តាឡីស័ក និងបន្តអោយធ្វើចត្តាឡីស័កចំនួន៧ថ្ងៃទៀតនៅផ្ទះ ដើម្បីអោយគ្រប់ចំនួន២១ថ្ងៃ។
បន្ថែមពីលើនេះទៀត ៖ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ជុំវិញទីតាំងដែលមានហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺ-១៩ ដែលមានដូចជា ការជួបជុំផឹកស៊ីដែលមានមនុស្សច្រើន ទីតាំងក្លឹបកំសាន្ត ខារ៉ាអូខេ ដែលត្រូវតែមានវិធានការឲ្យបានម៉ឺងម៉ាត់បំផុត៕