ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គ្រោះធម្មជាតិដែលកើតឡើងដោយរន្ទះបាញ់ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ ច្រើនជាងឆ្នាំមុនៗ គឺបណ្តាលឱ្យមនុស្សជិត៦០នាក់ស្លាប់ រងរបួសជាង៤០នាក់ ងាប់គោក្របីជាង៣០ក្បាលនិងបំផ្លាញផ្ទះ៥ខ្នង។
បើតាមលោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា រយ:ពេល៦ខែដើមឆ្នាំ២០២១នេះ គ្រោះធម្មជាតិកើតឡើងដោយរន្ទះបាញ់មានចំនួន៧០លើក ខូចខាតផ្ទះ៥ខ្នង បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥៩នាក់ រងរបួស៤៤នាក់ និងងាប់គោក្របីចំនួន៣២ក្បាល។ក្នុងចំណោមអ្នកស្លាប់ទាំងនោះនៅខេត្តបាត់ដំបង មានស្លាប់ច្រើនជាងគេចំនួន១៤នាក់ ខេត្តកំពង់ធំ ៨នាក់ ខេត្តត្បូងឃ្មុំ ៥នាក់ បន្ទាយមានជ័យ ៤នាក់ ព្រៃវែង ៤នាក់ កំពង់ឆ្នាំង៤នាក់ សៀមរាប៣នាក់ ពោធិ៍សាត់ ៣នាក់ កំពង់ចាម ២នាក់ ក្រចេះ ២នាក់ មណ្ឌលគីរី ២នាក់ កំពត់ ២នាក់ កណ្តាល ២នាក់ ស្វាយរៀង ១នាក់ កំពង់ស្ពឺ ១នាក់ ព្រះវិហារ ១នាក់ និងឧត្តរមានជ័យ ១នាក់។
អ្នកនាំពាក្យរូបនេះបានបន្តថា តួលេខនេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០កន្លងទៅឃើញថា មានការកើនឡើង ដោយ៦ខែឆ្នាំ២០២០ គ្រោះមហន្តរាយធម្មជាតិរន្ទះបាញ់បានកើតឡើងចំនួន៦១លើក ខូចខាតផ្ទះ៩ខ្នង បណ្តាលឱ្យមនុស្សស្លាប់ចំនួន២៩នាក់ រងរបួស២១នាក់ និងងាប់គោក្របីចំនួន៤៥ក្បាល។
យ៉ាងណាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដោយរន្ទះទាំងអស់គ្នានៅក្នុងរដូវភ្លៀងនេះដើម្បីកាត់បន្ថយការរងគ្រោះ និងការស្លាប់ដោយសារបាតុភូតធម្មជាតិនេះ។
ជាមួយគ្នានេះដែរនាពេលកន្លងមកក្រសួងសុខាភិបាលតែងតែធ្វើការណែនាំដល់ប្រជាពលរដ្ឋនូវវិធីមួយចំនួនដើម្បីការពារខ្លួនពីបាតុភូតរន្ទះបាញ់ផងដែរ។វិធីការពារនេះមានដូចជា នៅពេលមានផ្លេកបន្ទោរ ឬផ្គររន្ទះត្រូវបន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំងពីរជិតគ្នា និងយកដៃខ្ទប់ត្រចៀក ។ ត្រូវរត់ចេញពីទឹក ឬស្រែ នៅខាងក្នុង ឬរត់ចូលផ្ទះជាប្រញាប់។ ត្រូវដកឌុយដោតភ្លើង ឬឌុយទូរស័ព្ទដោយទុកចំងាយ១ម៉ែត្រពីប្រភពចរន្តអគ្គិសនី និងត្រូវបន្ទន់ខ្លួនឱបក្បាលជង្គង់ និងបិទត្រចៀកទាំងសងខាងនៅក្រោមបង្គោលភ្លើង។ដោយឡែកមិនត្រូវនិយាយទូរស័ព្ទនៅពេលមានផ្គររនកទះ មិនត្រូវជិះម៉ូតូ ឬកង់នៅពេលមេឃភ្លៀង ឬអង្គុយក្នុងតង់ និងអង្គុយនៅក្រោមដើមឈើឡើយ។ ត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សាចំងាយ៤ម៉ែត្រពីមែកឈើ។
រីឯវិធីសង្គ្រោះបឋមអ្នករន្ទះបាញ់ត្រូវផ្លុំខ្យល់ចូលមាត់ និងមាត់ជាមួយជនរងគ្រោះសង្កត់ដៃទាំងពីរលើសន្ទះទ្រូងក្នុងករណីជនរងគ្រោះគ្មានជីពចរ។ត្រូវក្រាលកន្ទេលកុំឱ្យជនរងគ្រោះនៅផ្ទាល់ដី ឬទឹកជ្រាំ ហើយយកល្អប្រញាប់ប្រញាល់ដឹកជនរងគ្រោះទៅមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុបំផុត៕