ភ្នំពេញ៖ ក្រោយពីមានការណែនាំពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោករួចមក នៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១នេះ អាជ្ញាធរសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានចុះបិទខ្ទប់លំនៅឋានមួយកន្លែង ក្រោយពីមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩កាលពីយប់មិញ។
អាជ្ញាធរបានឱ្យដឹងថា លំនៅឋានដែលត្រូវបិទខ្ទប់នេះមានអាសយដ្ឋាននៅផ្ទះលេខ១៥៩ ផ្លូវលេខ១៣២ហ្សិត ភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
សពជនរងគ្រោះមានឈ្មោះ ឆាយ ម៉េង ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅក្នុងផ្ទះខាងលើ។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានពីមន្ត្រីសង្កាត់ទឹកល្អក់ទី១ បានឱ្យដឹងថាៈ ក្រោយពីលោក ឆាយ ម៉េង ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅក្នុងផ្ទះខាងលើបានទទួលមរណភាព និងក្រោយពីបានរាយការណ៍ជូនក្រុមគ្រូពេទ្យរួចមកក៏បានចុះមកពិនិត្យសាកសពហើយ។ ក្រោយពីការត្រួតពិនិត្យសពកាលពីយប់មិញ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា សពមានវិជ្ជមានកូវីដ-១៩ ទើបក្រុមគ្រូពេទ្យសហការជាមួយ អាជ្ញាធរខណ្ឌ សង្កាត់ វេចខ្ចប់សាកសពឲ្យ បានត្រឹមត្រូវ មុនបញ្ជូនទៅបូជា ។
មន្ត្រីដដែលបានបញ្ជាក់ថាៈ ការស្លាប់របស់ឈ្មោះ ឆាយ ម៉េង ដោយសារជំងឺកូវីដ-១៩ នេះ មានអ្នកពាក់ព័ន្ធផ្ទាល់ចំនួន ៥នាក់ ស្រី៤ នាក់ ក្នុងនោះរួមមាន ១.ឈ្មោះឈុន សុខា ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរនៅផ្ទះ , ២.ឈ្មោះ ឆាយ លីនី ភេទស្រី អាយុ១៩ឆ្នាំ និស្សិត, ៣.ឈ្មោះ ឆាយ សុខលាង ភេទស្រី អាយុ១៦ឆ្នាំ សិស្ស , ៤.ឈ្មោះ ឆាយ ជែនណា ភេទស្រី អាយុ១៩ឆ្នាំ និស្សិត ៥.ឈ្មោះ ឆាយ តារា ភេទប្រុស អាយុ១៨ឆ្នាំ និស្សិត ។
ក្រុមគ្រូពេទ្យនឹងចុះមកយកសំណាក ពួកគាត់ទាំង៥នាក់ខាងលើ ។ ចំណែកលំនៅឋាននេះត្រូវបានបិទខ្ទប់ដោយអាជ្ញាធរហើយ ដើម្បីកុំឱ្យឆ្លងរីករាលដាលជំងឺកូវីដ-១៩ នេះបន្ថែមទៀត៕ ដោយ៖អរុណរះ