ខេត្តកំពង់ចាម÷រយៈពេលមួយថ្ងៃ នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ គ្រូពេទ្យចាក់វ៉ាក់សាំង ទីចាត់ការសុខាភិបាលអគ្គបញ្ជាការ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ទាំង ៣ គឺមណ្ឌលជើងឆ្នុក- មណ្ឌលបាធាយ និង មណ្ឌលសណ្តែក បានចំនួន ៤៣៣៧ នាក់ ។
គិតចាប់តាំងពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង មកដល់ត្រឹមថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ទីចាត់ការសុខាភិបាលអគ្គបញ្ជាការ ខភម បានសហការជាមួយគ្រូពេទ្យក្រសួងការងារ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវាក់ ដូសទី ១ ជំហានទី ១ ជូនប្រជាពលរដ្ឋក្នុង ស្រុកបាធាយ ខេត្តកំពង់ចាម បានចំនួន ៤១១៥៩ នាក់ ក្នុងនោះមានស្រី ២០៣០៧ នាក់ ។
ឧត្តមសេនីយ៍ទោ ភឿក គឹមសុង ប្រធានក្រុមដឹកនាំការងារចាក់វ៉ាក់សាំង ទីចាត់ការសុខាភិបាលអគ្គបញ្ជាការ ខភម បានបញ្ជាក់អោយដឹងថា៖ ក្នុងឱកាសចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ១ ជំហានទី ១ ជូនប្រជាពលរដ្ឋក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ចាត់ការសុខាភិបាលអគ្គបញ្ជាការបានទទួលខុសត្រូវចាក់វ៉ាក់សាំងចំនួន ៣ មណ្ឌល ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម សរុបទាំងអស់មានចំនួន ១២ ឃុំ ។
លោកឧត្តមសេនីយ៍ទោបានបញ្ជាក់អោយដឹងថា៖ ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ចាក់វ៉ាក់សាំងគ្រូពេទ្យកងទ័ពយើង ដែលជាយុទ្ធជន អាវស បានខិតខំប្រឹងប្រែងបំរើជូនប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ដោយគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការបានដាក់ចុះ ៕
ដោយ៖ សូរិយា