ភ្នំពេញ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ថ្ងៃទី០៩ ខែកក្កដា ជាទិវាដ៏មហានក្ខត្តឬក្សដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានរដ្ឋបាលព្រៃឈើជាសេនាធិការ តែងតែសហការយ៉ាងល្អប្រសើរជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិប្រារព្ធពិធី “រុក្ខទិវា” ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យឆ្លៀតព្រះវរោកាសដ៏មានតម្លៃយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី “រុក្ខទិវា” នេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមរំឭកជូនអំពីទស្សនវិស័យ និងព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា “រុក្ខទិវា” នេះឡើងតាំងពីទសវត្សរ៍ទី៣០ ដោយមានការចូលរួមយ៉ាងរស់រវើកពីប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ ហើយទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយដែលកំណត់ដោយព្រះរាជ-ក្រឹត្យលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។ ព្រះអង្គបានបណ្តុះនូវស្មារតីដល់កូនចៅគ្រប់ៗរូបឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃព្រៃឈើ ជីវៈចម្រុះគ្រប់ប្រភេទ ហើយព្រះអង្គមានព្រះរាជបន្ទូលថា ”ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមាន ចំពោះវិស័យកសិកម្ម និងមនុស្សជាតិ”។ ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហត្ថដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតន-កោដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ “រុក្ខទិវា” តាមសេចក្តីសម្រេចលេខ០៨ ស.ស.រ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធឡើង នៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំរហូតមក។ ជាក់ស្តែង គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០១៩ “ពិធីរុក្ខទិវា” បានប្រារព្ធធ្វើនៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ទូទាំងប្រទេស សរុបចំនួន២៦លើក នៅលើផ្ទៃដីទំហំ៤៧០ហិកតា៦៥។ ប៉ុន្តែដោយសារហានិភ័យបណ្តាលមកពីជំងឺឆ្លងកូវីដ១៩ ដែលបាននិងកំពុងរាតត្បាតជាសកល និងក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំ “រុក្ខទិវា” នេះ ចាប់ពីឆ្នាំ២០២០ មកទល់ពេលនេះ ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺឆ្លងជាសកលនេះនៅក្នុងសហគមន៍។
ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យើងខ្ញុំសូមអបអរសាទរ “រុក្ខទិវា ០៩ កក្កដា” ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ សត្វព្រៃគ្រប់ប្រភេទឱ្យបានស្ថិតស្ថេរ និងនិរន្តរភាព សម្រាប់កូនចៅរបស់យើងទាំងអស់គ្នាដោយអនុវត្តវិធានបច្ចេកទេសវៃឆ្លាត និងមានឆន្ទៈចូលរួមទប់ស្កាត់បទល្មើសព្រៃឈើតាមនីតិវិធីជាធរមាន។ ទន្ទឹមនឹងនេះ ខ្ញុំសង្ឃឹមថា បងប្អូនជនរួមជាតិទាំងអស់នឹងចងចាំជានិច្ចនូវព្រះរាជានុសាសន៍ដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា “រុក្ខទិវា” ជាពិធីមួយបានបង្ហាញឱ្យឃើញនូវទម្លាប់ដ៏ល្អប្រពៃរបស់ប្រជាជនយើង សហការសាមគ្គីគ្នា ការពារ ថែរក្សាព្រៃឈើ និងដាំដើមឈើ ដើម្បីបរិស្ថានធម្មជាតិល្អ សម្រាប់ជាឧត្តមប្រយោជន៍របស់យើងទាំងអស់គ្នាផង និងជាការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផង។
ជាមួយនឹងការអបអរសាទរ « រុក្ខទិវា ០៩ កក្កដា » ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូម « អរគុណសន្តិភាព » និងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមយ៉ាងសកម្មតាមអភិក្រម« រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ » ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាក្នុងបរិបទនៃបច្ចេកវិទ្យាឌីជីថលឱ្យទទួលបានជោគជ័យដើម្បីប្រែក្លាយជា “កសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ប្រកបដោយវិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា” ៕
ដោយ, សិលា