លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍការងារដាំឈើដោយវិស័យឯកជន នៅកម្ពុជា !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍការងារដាំឈើដោយវិស័យឯកជន នៅកម្ពុជា ! ដោយលើកឡើងពីការចូលរួមដាំឈើដោយវិស័យឯកជនជាកត្តាចាំបាច់ក្នុងការជំរុញការសម្រេចបានគោលដៅយុទ្ធសាស្ត្រជាតិលើវិស័យព្រៃឈើ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពតាមរយៈកំណែទម្រង់វិស័យព្រៃឈើ ដើម្បីផ្តល់ជាប្រយោជន៍ពិតប្រាកដសម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ បានខិតខំធ្វើកិច្ចការជាច្រើនតាមគ្រប់រូបភាពរួមមាន ការជំរុញការអភិវឌ្ឍន៍ចម្ការឈើដាំទាំងរដ្ឋ ឯកជន និងដៃគូសហការដាំឈើឯកជន-រដ្ឋ រួមទាំងកម្មវិធីលើកទឹកចិត្តនានាដល់អ្នកវិនិយោគថែមទាំងបានផ្សព្វផ្សាយទូលំទូលាយដល់វិស័យឯកជន សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ ឬបុគ្គលជាលក្ខណៈគ្រួសារ ឱ្យមានការចាប់អារម្មណ៍ខ្ពស់ទៅលើការវិនិយោគលើការដាំឈើ ព្រមទាំងផ្តល់នូវការធានាសិទ្ធិ ទាំងការដាំឈើ ប្រមូលផលឈើ និងជួយរកទីផ្សារផលិតផលឈើ និងការធានាផ្តល់ប្រឹក្សាបច្ចេកទេសលើការងារដាំឈើផងដែរ ក្នុងបំណងធ្វើយ៉ាងណាឱ្យវិសាលភាពលើចលនាចូលរួមពីគ្រប់ស្រទាប់មហាជន ទទួលបានការគាំទ្រខ្ពស់ និងទទួលជោគជ័យលើដំណើរការអនុវត្ត។ 

 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា តម្រូវការឈើសម្រាប់សង់ផ្ទះគ្រឿងសង្ហារឹម ឈើថាមពល នៅតែមានតម្រូវការខ្ពស់ហើយការផ្គត់ផ្គង់នៅមិនទាន់គ្រប់គ្រាន់នៅទ្បើយពីការប្រើប្រាស់ឈើធម្មជាតិ។ នាពេលបច្ចុប្បន្ននេះ ធនធានឈើដែលបានមកពីចម្ការឈើដាំនៅមានកម្រិតទាបដែលនាំឲ្យមានកង្វះខាតឈើដាំសម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្មក្នុងរោងចក្រកែច្នៃផលឈើដូចជាការផលិតក្តារបន្ទះ ឬវ៉ឺនៀល ឈើចំណិត ឈើថាមពល និងផលិតផលពាក់កណ្តាលសម្រេចផ្សេងៗទៀត ធ្វើឱ្យកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមឈើពីក្រៅសម្រាប់ប្រើប្រាស់ក្នុងស្រុកផងដែរ ដែលជាហេតុចាំបាច់ត្រូវការឱ្យមានការវិនិយោគបន្ថែមលើការដាំដុះឈើ និងការកែច្នៃ ដើម្បីបង្កើតការងារនៅមូលដ្ឋាន ការកាត់បន្ថយការពឹងអាស្រ័យលើព្រៃឈើធម្មជាតិ និងផ្តល់នូវវិភាគទានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងអាចកាត់បន្ថយបាននូវការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះផងដែរ ការដាំដើមឈើលើដីទំនេរ ឬដីព្រៃឈើរេចរឹលរបស់រដ្ឋ ដើម្បីបង្កើតជាព្រៃឈើក្នុងទំហំតូចៗច្រើនកន្លែងគឺជាសកម្មភាពចាំបាច់មួយដោយលើកទឹកចិត្តឱ្យមានការចូលរួម ពីផ្នែកឯកជន សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ ឬបុគ្គលជាលក្ខណៈគ្រួសារ នោះគឺអាចកាត់បន្ថយសម្ពាធប្រើប្រាស់ផល អនុផលព្រៃឈើដែលមានប្រភពចេញពីព្រៃធម្មជាតិ ផ្តល់ឱកាស ការងារ បង្កើនជីវភាព ផ្តល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន រួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្រិតមូលដ្ឋាន និងជាផ្នែកមួយជំរុញការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច-មធ្យម ក្នុងន័យសម្រេចបាននូវកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។

 ដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញការអភិវឌ្ឍ និងការបង្កើតចម្ការឈើដាំនៅលើផ្ទៃដីទំនេររបស់រដ្ឋ ដីព្រៃរេចរឹល ដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ និងសម្បទានដីសេដ្ឋកិច្ច  សម្រាប់បង្កើនផលិតភាព និងសេវាកម្មព្រៃឈើធានាដល់ការផ្គត់ផ្គង់ផលឈើដាំឈើសម្រាប់ប្រើប្រាស់ក្នុងស្រុក និងការនាំចេញទៅទីផ្សារក្រៅប្រទេស ដោយសហការជាមួយក្រុមហ៊ុនឯកជនមួយចំនួនធ្វើការដាំឈើផលិតកម្មក្នុងរូបភាពជាដៃគូសហការរដ្ឋ និងឯកជន (PPP) លើផ្ទៃដីសរុបទំហំ ៨៤ ៣៩៤ហិកតា ស្ថិតនៅខេត្តស្ទឹងត្រែង ក្រចេះ ឧត្តរមានជ័យ មណ្ឌលគិរី និងដាំឈើដៃគូជាលក្ខណៈគ្រួសារចំនួន០៣ទីតាំង លើផ្ទៃដីសរុបទំហំ ៩ ៨០០ហិកតា ស្ថិតនៅខេត្តបន្ទាយមានជ័យ។ ជាក់ស្តែង ក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា) ខូអិលធីឌី ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានទទួលសិទ្ធិសហការដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាំដុះឈើលើផ្ទៃដីសរុបទំហំ៣៤ ០០៧ហិកតានៅស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើបឹងចារក្នុងខេត្តក្រចេះនិងស្ទឹងត្រែង ដោយគិតត្រឹមឆ្នាំ២០២១នេះ ក្រុមហ៊ុនបានធ្វើការដាំដុះដើមប្រេងខ្យល់និងអាកាស្យាលើផ្ទៃដីទំហំ ១១ ២៨០ហិកតា តាមផែនការប្រចាំឆ្នាំដែលបានគ្រោងទុក គឺឆ្នាំ២០២២ ដាំលើផ្ទៃដីទំហំទំហំ ១២ ៧២០ហិកតា ឆ្នាំ២០២៣ដាំលើផ្ទៃដីទំហំ ១៦ ០០០ហិកតា ក្នុងឆ្នាំ២០២៤ ដាំលើផ្ទៃដីទំហំ ២០ ០០០ហិកតា និងឆ្នាំ២០២៤ ដាំលើផ្ទៃដីទំហំ ២០ ០០០ហិកតា។

សរុបមកក្រុមហ៊ុនមានផែនការពង្រីកវិសាលភាពផ្ទៃដីដាំឈើឱ្យបាន៨០.០០០ហិកតាត្រឹមឆ្នាំ២០២៥ខាងមុខដែលអាចផ្តល់ឳកាសការងារជូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធក្នុងការងារនេះរាប់ពាន់នាក់ ជាមួយគ្នានេះដែរក្រុមហ៊ុនក៏បានបង្កើតនូវមជ្ឈមណ្ឌលពិសោធន៍សម្រាប់ផលិតកូនឈើប្រេងខ្យល់តាមជាលិកាមួយកន្លែងដែលមានសមត្ថភាពផលិតកូនឈើបានប្រមាណ៩លានដើមក្នុងមួយឆ្នាំ។ ការលើកទឹកចិត្តដល់អ្នកវិនិយោគជាកត្តាសំខាន់ក្នុងការជំរុញការងារដាំឈើនេះដោយមូលហេតុការដាំឈើត្រូវការពេលយូរអង្វែងដើម្បីប្រមូលផលវិញ ហើយការវិនិយោគទុនដំបូងច្រើន និងមានហានិភ័យផងដែរ។

 លើសពីនេះ សម្រាប់ការជំរុញទូទាំងប្រទេស ផែនការយុទ្ធសាស្រ្តអភិវឌ្ឍព្រៃផ្តល់ផល(១០ឆ្នាំ) បានកំពុងរៀបចំទ្បើងដោយផ្តោតសំខាន់ទៅលើការដាំឈើដើម្បីផ្គត់ផ្គង់ដល់វិស័យសំណង់ ថាមពល និងការនាំចេញក្រៅប្រទេស៕

                  

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print