ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលរងខេត្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត.ស្រុករួមមានៈ ផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង មន្ត្រីបរិស្ថាន និងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល នារដូវបិតនេសាទ និងធ្វើការអប់រំប្រជានេសាទផងដែរ ។
ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃសុក្រ ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្ទៃទឹកបឹងទន្លេសាប ចាប់ពីចំណុចជ្រោយជីព្រៃដល់ជ្រោយស្ដី ស្ថិតនៅឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់បានឲ្យដឹងថា លទ្ធផលៈ រុះរើឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល ប្រភេទ(របាំងស្បៃមុង)ទំនើបចំនួន៣០ខ្សែ ស្មើនឹងប្រវែងចំនួន២.៨០០ម៉ែត្រ បង្គោលចំរឹងចំនួន៦៥០ដើម លូកងស្បៃមុងចំនួន៦០មាត់ និងចាក់លែងត្រីចំរុះទម្ងន់ចំនួន២៥គីឡូក្រាមផងដែរ ក្នុងនោះលោក ខូយ រីដា អភិបាលរងខេត្តបានធ្វើការណែនាំ អប់រំដល់ប្រជានេសាទ ពាក់ព័ន្ធករណីធ្វើនេសាទនារដូវបិតនេសាទនេះផងដែរ ៕
ដោយ៖ បុឹម ពិន