ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក.)គឺលោក ស សុខា បាន ដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា និងលើកទិសដៅបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ តាមប្រព័ន្ធវីដេអូ Zoom ។
លោក ស សុខា ថ្លែងថា, សូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះការដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់លោក លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកា ក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុក ក្រុងទាំងអស់ ដែលបានលះបង់ទាំងថវិកា ពេលវេលា និងកម្លាំងកាយចិត្ត ក្នុងកិច្ចការងារសង្គម និងមនុស្សធម៌ ស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសក្នុងកាលៈទេស:ប្រទេសជាតិ បាន និងកំពុងប្រឈមនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់ គួរឲ្យបារម្ភនោះ ។
ទន្ទឹមនោះដែរ ស្នើឲ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ទាំង ៣ខេត្ត បន្តអនុវត្តការងារមួយចំនួនដូចខាងក្រោម ៖
១. សូមបន្តចូលរួមផ្សព្វផ្សាយសារអប់រំពីវិធានការសុខាភិបាល ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បើទោះបីជាកម្ពុជាយើង បាន និងកំពុងអនុវត្តយុទ្ធនាការវ៉ាក់សាំងចាក់ ក៏ដោយ។
២. សូមបន្តចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការជួយរៀបចំបងប្អូនប្រជាពលរដ្ឋចំណាកស្រុក ហើយកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានា ។
៣. សូមបន្តចូលរួមឧបត្ថម្ភ ជាគ្រឿងឧបភោគ-បរិភោគ ទឹកបរិសុទ្ធ ភេសជ្ជៈ សម្ភារៈប្រើប្រាស់ និងការពារកូវីដ-១៩ តាមលទ្ធភាពដែលអាចធ្វើទៅបាន ។
៤. សូមបន្តរៀបចំឱ្យមានវគ្គសិក្សាលើជំនាញខ្លីៗ ពិសេសជំនាញបច្ចេកវិទ្យា ពីចម្ងាយ តាមរយៈប្រព័ន្ធវីដេអូ Zoom ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់យុវជនក្នុងខេត្តទាំងបី ។
៥. សូមបន្តផ្សព្វផ្សាយកុំឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅប្រទេសថៃ ព្រោះថាប្រទេសថៃ បច្ចុប្បន្ននេះកំពុងតែប្រឈមនឹងជំងឺកូវីដ-១៩ ខ្លាំង ។
៦. សូមបន្តជួយសម្របសម្រួលបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគ្រោះមហន្តរាយធម្មជាតិ ដូចជា ៖ ខ្យល់ព្យុះ ខ្យល់កន្រា្តក់ ទឹកជំនន់ … ។ល។
៧. សូមបន្តបំផុសអោយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បង្កើនការដាំដុះបន្លែ ដំណាំហូបផ្លែ និងផលិតផលកសិកម្មនានា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ “បង្កើននូវការដាំដុះផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូលផលិតផលដែលមានសារជាតិគីមីពីបរទេស” ៕
ដោយ, សុខ ខេមរា