អភិបាលស្រុកបន្ទាយស្រី: កូនក្មេងអាយុ៣ឆ្នាំដុតផ្ទះខ្លួនឯងឆេះអស់ទៀតហើយ! ខ្ញុំនៅតែមិនអស់ចិត្ត ថាហេតុអ្វីបានជារឿងបែបនេះនៅតែអាចកើតឡើងម្តងហើយម្តងទៀតបានដោយរបៀបណា?

ចែករំលែក៖

ខេត្តសៀមរាប, នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈបាលស្រុកបន្ទាយស្រី បានថ្លែងថា, កូនក្មេងអាយុ៣ឆ្នាំដុតផ្ទះខ្លួនឯងឆេះអស់ទៀតហើយ! ខ្ញុំនៅតែមិនអស់ចិត្ត ថាហេតុអ្វីបានជារឿងបែបនេះនៅតែអាចកើតឡើងម្តងហើយម្តងទៀតបានដោយរបៀបណា?

លោកលើកឡើងថា, រឿងដ៏គួរឱ្យអកុសលបែបនេះធ្លាប់កើតមានឡើងម្តងរួចមកហើយនៅក្នុងភូមិត្រពាំងថ្មដដែលនេះ កាលពីពេលមិនដល់មួយឆ្នាំផង ហើយសាច់រឿងក៏ស្រដៀងគ្នានឹងករណីមុនដែរ គឺទុកក្មេងតូចៗចោលនៅផ្ទះមិនមានមនុស្សចាស់មើល បណ្តោយឱ្យលេងភ្លើងរហូតដល់ធ្វើឱ្យឆេះផ្ទះរបស់ខ្លួនដោយមិនអាចមានអ្នកណាមកជួយពន្លត់ទាន់។ សំណាងហើយដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិតកូនតូចទាំង២នាក់ ឳពុកម្តាយបានត្រឹមតែរត់មកដល់ផ្ទះវិញទាំងត្រហេបត្រហប ឈរអោបគ្នាយំមើលទ្រព្យសម្បត្តិដែលខ្លួនខិតខំសន្សំរកមកបានទាំងអម្បាលម៉ានឆេះត្របាក់លេបដោយអគ្គីភ័យអស់រលីងត្រឹមតែក្នុងមួយប៉ប្រិចភ្នែក។ នាំគ្នាខឹងកូន វ៉ៃកូន តែវ៉ៃទៅបានអ្វីមកវិញ? ហើយតើវាពិតជាកំហុសរបស់ក្មេងឬយ៉ាងណា?

លោកថា, ទំនួលខុសត្រូវជាឳពុកម្តាយមានទំហំធំធេងណាស់ បង្កើតជីវិតមកហើយចាំបាច់ត្រូវតែទទួលខុសត្រូវចំពោះជីវិតរបស់ពួកគេ ពាក្យថា”ដឹងក្តី“ទាមទារវ័យ និងអាយុសមស្របណាមួយទើបអាចដឹងសេចក្តី និងដឹងការណ៍ខុសត្រូវបាន ប៉ុន្តែវាប្រហែលជាអ្វីដែលប្តីប្រពន្ធវ័យទើបតែជាង២០ឆ្នាំទាំង២នាក់នេះមិនទាន់អាចស្វែងយល់បានដោយខ្លួនឯងនៅឡើយទេ។ ម្នាក់រៀនបានត្រឹមថ្នាក់ទី៥ ហើយម្នាក់ទៀតបានត្រឹមថ្នាក់ទី៨តែប៉ុណ្ណោះ ដោយសារតែជីវភាពខ្វះខាត ទាំងពីរនាក់ប្តីប្រពន្ធត្រូវចេញទៅធ្វើការនៅក្រៅផ្ទះ ដោយទុកកូនតូចៗចោលឱ្យនៅលេងនឹងផ្ទះ ចួនកាលក៏ផ្ញើរគេឱ្យជួយមើល ចួនកាលទៀតក៏មិនមានអ្នកមើលឱ្យ។
លោកអភិបាលស្រុកបានបន្តថា, សម្រាប់ខ្ញុំ បើទោះជាមានពាក់ព័ន្ធនឹងភាពក្រីក្រដែរក៏ដោយ ខ្ញុំនៅតែដាក់បន្ទុកខ្លាំងទៅលើការខ្វះខាតចំណេះដឹងច្រើនជាង ហើយក៏ប្រហែលជាការដែលមិនទទួលបានការអប់រំគ្រប់គ្រាន់នេះហើយដែលធ្វើឱ្យជីវភាពពួកគាត់នៅតែជួបការលំបាក។

ភាពអវិជ្ជា និងភាពក្មេងវ័យខ្វះបទពិសោធបណ្តាលឱ្យមានភាពធ្វេសប្រហែស មើលមិនឃើញពីសារៈសំខាន់នៃការបំពេញតួនាទីជាឳពុកម្តាយរបស់គេឱ្យបានត្រឹមត្រូវ ហើយគិតថាកត្តាជីវភាពសំខាន់ជាងអ្វីៗទាំងអស់។ ការយល់ឃើញបែបនេះអាចនឹងធ្វើឱ្យកូនៗរបស់ខ្លួនបាត់បង់ឱកាសទទួលបាននូវការអប់រំដូចជំនាន់របស់ខ្លួនដែរ ដែលអាចនឹងក្លាយទៅជាអន្ទាក់ធ្វើឱ្យពួកគាត់ និងជំនាន់ក្រោយទៀតជាប់នៅក្នុងភាពក្រីក្រពិបាកនឹងរើខ្លួនចេញរួចបាន។ ខ្ញុំពិតជាសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលជាឳពុកម្តាយឬអាណាព្យាបាលបានរៀនសូត្រពីបទពិសោធដ៏អាក្រក់មួយនេះ រៀនប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាងមុន ជាពិសេសឱ្យតម្លៃទៅលើការបំពេញកាតព្វកិច្ចនៃការអប់រំបីបាច់ថែរក្សាកូនឱ្យបានល្អប្រសើរជាងមុន។ ពីរនាក់ប្តីប្រពន្ធនេះនៅក្មេងៗនៅឡើយ អាចនៅមានឱកាសច្រើនដើម្បីចាប់ផ្តើមជីវភាពសារជាថ្មី និងកសាងនូវអ្វីដែលខ្លួនបាត់បង់បាន។

ក្នុងនាមប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី ខ្ញុំបានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌មួយចំនួនទៅជូនដល់លំនៅឋានកើតហេតុភ្លាមៗកាលពីពេលថ្មីៗនេះ ដើម្បីបានជួយសម្រាលទុក្ខលំបាកខ្លះៗក្នុងពេលដ៏សំខាន់មួយនេះ យ៉ាងហោចណាស់ក៏មិនចាំបាច់ឱ្យពួកគាត់គេងហាលភ្លៀងហាលខ្យល់នៅចំកណ្តាលខែវស្សានេះដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យត្រេកអរបំផុតនោះគឺ «អង្គការលំនៅឋានមនុស្សជាតិកម្ពុជា»បានឆ្លើយតបជាវិជ្ជមានភ្លាមៗទៅនឹងសំណូមពរជាពិសេសរបស់រដ្ឋបាលស្រុកបន្ទាយស្រីដើម្បីសាងសង់ផ្ទះថ្មីឡើងវិញជាបន្ទាន់ជូនដល់គ្រួសារដ៏ក្រីក្រមួយនេះផងដែរ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print