លោក Luis Filipe Vieira ដែលបានព្យួរតួនាទីជាប្រធានក្លិបលីគកំពូលព័រទុយហ្គាល់ Benfica បន្ទាប់ពីត្រូវបានឃុំខ្លួនសម្រាប់ស៊ើបអង្កេតលើការចោទប្រកាន់ពីបទឆបោក និងការលាងលុយកខ្វក់នឹងត្រូវបង់ប្រាក់ចំនួន៣លានអឺរ៉ូ (៣,៥៦លានដុល្លារ) ដើម្បីត្រូវបាននៅក្រៅឃុំ ដែលតុលាការបានកាត់សេចក្តីកាលពីថ្ងៃសៅរ៍។
តាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា រដ្ឋអាជ្ញាសាធារណៈបាននិយាយថា លោក Luis Filipe Vieira វ័យ៧២ឆ្នាំត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំងកាលពីថ្ងៃពុធដើម្បីសាកសួរលើកិច្ចព្រមព្រៀងដែលមានតម្លៃជាង១០០លានអឺរ៉ូ (១១៨,៧៣លានដុល្លារអាមេរិក) ដែលអាចបង្កការខាតបង់យ៉ាងច្រើនដល់រដ្ឋ និងក្រុមហ៊ុនមួយចំនួន។
តុលាការបានសម្រេចកាលពីថ្ងៃសៅរ៍ថា លោក Luis Filipe Vieira នឹងស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះរហូតដល់ប្រាក់ធានាចំនួន៣លានអឺរ៉ូត្រូវបានបង់ និងបង្គាប់ឱ្យប្រគល់លិខិតឆ្លងដែនរបស់គាត់។ គាត់មានពេល២០ថ្ងៃដើម្បីបង់ប្រាក់ក្នុងការនៅក្រៅឃុំ ហើយលោកក៏ត្រូវបានហាមឃាត់មិនឱ្យទាក់ទងនាយក និងអ្នកគ្រប់គ្រងរបស់ក្លិប Benfica ផងដែរ។
តុលាការបាននិយាយថា មនុស្ស៣នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនរួមជាមួយលោក Luis Filipe Vieira រួមទាំងដៃគូអាជីវកម្ម និងកូនប្រុសរបស់គាត់ក៏នឹងត្រូវបានដោះលែងនៅក្រៅឃុំ ហើយនឹងមិនត្រូវបានឃុំខ្លួនក្នុងផ្ទះឡើយ។ថ្លែងនៅខាងក្រៅតុលាការមេធាវីរបស់លោក Luis Filipe Vieira គឺលោក Manuel Magalhaes e Silva បានប្រាប់អ្នកយកព័ត៌មានថា សេចក្តីសម្រេចនេះគឺហួសហេតុពេក។
កាសែតក្នុងស្រុក Sol បានឲ្យដឹងថា ការស៊ើបអង្កេតគឺទាក់ទងទៅនឹងប្រាក់កម្ចីដែលផ្តល់ដោយអ្នកផ្តល់ប្រាក់កម្ចីព័រទុយហ្គាល់ស្ថាប័នNovo Banco ដល់ក្រុមអាជីវកម្មរបស់លោក Vieira ក៏ដូចជាការលក់ភាគហ៊ុននៅ Benfica SAD ។
ការស៊ើបអង្កេតបានរកឃើញថា ក្រុមអាជីវកម្មរបស់លោក Luis Filipe Vieira ជំពាក់ធនាគារប្រហែល ៤០០លានអឺរ៉ូ។ មូលនិធិដំណោះស្រាយរបស់ព័រទុយហ្គាល់កាន់កាប់ភាគហ៊ុន២៥ភាគរយនៃ Novo Banco ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ថា លោក Luis Filipe Vieira បានប្រើប្រាស់ប្រាក់របស់ក្លិប Benfica សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់គាត់។
នៅក្នុងពេលអវត្តមានរបស់លោក Luis Filipe Vieira ក្លិប Benfica បានតែងតាំងអនុប្រធានក្លិបលោក Rui Costa ជាប្រធានបណ្តោះអាសន្នរបស់ក្លិបកាលពីថ្ងៃសុក្រកន្លងទៅដើម្បីដឹកនាំបន្តទៅមុខទៀត ៕
ដោយ៖ ភារៈ(រូបថត ៖ Reuters)