ភ្នំពេញ ៖មានករណីគ្រោះអគ្គិភ័យមួយកើតឡើងបណ្តាលឆាបឆេះឃ្លាំងឃ្លាំងស្តុបគ្រឿងអគ្គិសនីបណ្តាលឲ្យខូចខាតសម្ភារៈអស់ទាំងស្រុងផងដែរ នាម៉ោង០៣ និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចឃ្លាំងលេខ២២៩ ផ្លូវបេតុង ក្រុមទី៣ ភូមិអូរបែលកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមសម្តីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ឃ្លាំងស្តុបគ្រឿងអគ្គិសនីមានម្ចាស់ឈ្មោះ លី ប៉ាវ ភេទប្រុស អាយុ ៤៥ឆ្នាំ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍មួយនេះបានបំផ្លាញផ្ទះថ្មបេតុងប្រក់សង័្កសី ដែលមានទំហំ ១០ម៉ែត្រ គុណ ១២ម៉ែត្រ ឆេះគ្រឿងអគ្គិសនីក្នុងឃ្លាំងអស់ទាំងស្រុង ទំហំ ១០ម៉ែត្រ x ១២ម៉ែត្រ នឹងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន ១៥រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន ស្មើ ១២០ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើ ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅម៉ោង០៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ៕
ដោយ៖ ជ្រោយពេជ្រ