ចិនបានឡើងគម្រោងបង្កើនសមត្ថភាពកម្លាំងទាហានប្រទេសរបស់ខ្លួនឱ្យទៅជាកម្លាំងធ្វើសង្គ្រាម ទំនើបបំផុតនៅក្នុងឆ្នាំ២០២៧ ក្នុងពេលដែលទំនាក់ទំនងអាមេរិក-ចិន កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។
មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិក មួយរូបធ្លាប់ហៅចិនថា «ជាការ គំរាមកំហែង កំពុងបង្កើនកម្រិតនៅក្នុងទសវត្សរ៍ខាងមុខ» ហើយទីក្រុងវ៉ាស៊ីនតោនបានបង្កើនការគំាទ្រដល់កោះតៃវ៉ាន់ ដើម្បីទប់ទល់ជាមួយសម្ពាធយ៉ាងខ្លាំងក្នុងវិស័យនយោបាយនិងយោធាពីទីក្រុងប៉េកាំង។ ក្រុមអ្នកឯកទេសវិភាគក៏ធ្លាប់បានលើកឡើងថា សមុទ្រចិនខាងត្បូងនឹងក្លាយទៅជាតំបន់ផ្ទុះសង្គ្រាមរវាងចិននិឹងអាមេរិក។
ដូច្នេះតើកម្លាំងទាហានរបស់អាមេរិកនិងចិនស្ថិតនៅក្នុងកម្រិតណា ? អំពីចំនួន ការចំណាយសម្រាប់ការពារជាតិ កម្លាំងទាហាននៅលើដីគោក និងនៅលើដែនសមុទ្រ?
ប្រាក់ចំណាយសម្រាប់ការពារជាតិរបស់អាមេរិកនិងចិន ៖
តាមតួលេខរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Stockholm ហៅកាត់ថា(SIPRI) បានឱ្យដឹងថា អាមេរិកនៅតែជាប្រទេសដែលចំណាយប្រាក់ច្រើនបំផុតសម្រាប់ការពារជាតិ គឺមានរហូតដល់ទៅ៧៧៨ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ស្មើនឹង ៣៩%នៃប្រាក់ចំណាយសម្រាប់ការពារជាតិនៅទូទាំងពិភពលោក។
ចំណែកប្រាក់ចំណាយសម្រាប់ការពារជាតិរបស់ចិនឈរលំដាប់ទីពីរបន្ទាប់ពីអាមេរិក គឺមាន ២៥២ពាន់លានដុល្លារ ។ នៅក្នុងឆ្នាំ ២០២១នេះចិនបានបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិកើនឡើងដល់ទៅ៦,៨% ។
អំពីកម្លាំងទាហាជើងគោក៖
ចិនមានកម្លាំងទាហានច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានប្រមាណ២លាននាក់ (តួលេខឆ្នាំ២០១៩) និងទាហានបម្រុងរាប់លាននាក់ទៀត។ ចំណែកអាមេរិកវិញ មានទាហានប្រមាណ១,៣៥លាននាក់ និងទាហានបម្រុង៨សែននាក់។
ប៉ុន្តែក្នុងសម័យកាលធ្វើសង្គ្រាមទំនើប គេផ្តោតសំខាន់ទៅលើបច្ចេកវិទ្យា អាវុធ មិនមែនគិតចំនួនទាហានដូចកាលពីមុនឡើយ ។ ទាំងអាមេរិកនិងចិនបានយល់ពីហេតុការណ៍នោះ ក៏បាននាំគ្នាកាត់បន្ថយចំនួនទាហាន យកប្រាក់ទៅផលិតអាវុធទំនើបៗវិញ។
កាលពីឆ្នាំ២០១៥ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានកាត់បន្ថយទាហានដល់ទៅ៣សែននាក់ ។ អាមេរិកក៏បានកាត់បន្ថយទាហាន ៥៤០០នាក់ផងដែរ។
អំពីកម្លាំងទាហានជើងគោក ចិនមានកម្លាំងទាហានជើងគោកច្រើនជាងគេ គឺមានដល់ទៅ ៩១៥ពាន់នាក់ ច្រើនជាងអាមេរិកទ្វេដង ដោយអាមេរិកមានតែ៤៨៦ពាន់នាក់ប៉ុណ្ណោះ។ ប៉ុន្តែទាហានជើងគោកចិននៅប្រើប្រាស់អាវុធហួសសម័យ ដោយមិនទាន់អាចប្រើប្រាស់អាវុធទំនើបៗប្រកបដោយប្រសិទ្ធភាពនោះឡើយ។ ទាហានជើងគោកចិន មានរថក្រោះ រថពាសដែក ស្ថិតនៅលំដាប់ទីបីប៉ុណ្ណោះលើពិភពលោក ដោយមាន ៥៨០០គ្រឿង ។ ចំណែកអាមេរិកមានដល់ទៅ ៦៣៣៣គ្រឿងតែនៅឈរពីក្រោយរុស្ស៊ីដដែល។
អំពីកម្លាំងទាហានអាកាស ៖
អាមេរិកនៅតែជា«ស្តេចនៅលើដែនអាកាស»ដដែល ដោយមានយន្តហោះចម្បាំងដល់ទៅ១៣ពាន់គ្រឿងគ្រប់ប្រភេទ ក្នុងចំណោមនោះមានជាង៥ពាន់គ្រឿងដំណើរការ។ យន្តហោះចម្បាំងទំនើបបំផុតលើពិភពលោកមាន F-35 Lightning និង F-22 Raptor ។
ចំណែកចិនវិញ ឈរលំដាប់ទីបីលើពិភពលោក មានយន្តហោះចម្បាំង ជាង ២៥០០គ្រឿង ក្នុងនោះមាន ២០០០គ្រឿងកំពុងតែបំពេញការងារ ។ ប្រភេទយន្តហោះចម្បាំងទំនើបបំផុតរបស់ចិនគឺ J-20 ។
អំពីកម្លាំងទាហានជើងទឹក៖
ចិនជាប្រទេសមានកម្លាំងទាហានជើងទឹកច្រើនបំផុតលើពិភពលោក ជាមួយនឹងនាវាចម្បាំង ៣៦០គ្រឿងគ្រប់ប្រភេទ។ ចំណែកអាមរិកវិញមាននាវាចម្បំាង ២៩៧គ្រឿង ប៉ុន្តែនាវារបស់អាមេរិក ទំនើបជាងនិងធំៗជាងរបស់ចិន។
អាមេរិកមានប្រៀបលើចិន ដោយមាននាវាផ្ទុកយន្តហោះដល់ទៅ១១គ្រឿងកំពុងតែបំពេញបេសកកម្មនៅលើដែនសមុទ្រ ដោយនាវាផ្ទុកយន្តហោះនិីមួយៗ អាចដឹកយន្តហោះបានដល់ទៅ៦០គ្រឿង ។ ចំណែកចិនវិញមានតែនាវាផ្ទុកយន្តហោះ២គ្រឿងប៉ុណ្ណោះ អាចដឹកយន្តហោះចម្បាំងបាន ២៤-២៦គ្រឿង ប្រភេទ J-15 ។ ចិនក៏មានគម្រោងដាក់ឲ្យប្រើប្រាស់នាវាផ្ទុកយន្តហោះទីបីដែរ។
អំពីក្បាលគ្រាប់បរមាណូ និងមី
ស៊ីល៖
អាមេរិក ឈរលំដាប់ទីពីរស្តីពីឃ្លាំងអាវុធបរមាណូ ដោយចាញ់តែប្រទេសរុស្ស៊ីប៉ុណ្ណោះ។ ចំណែកចិនឈរលំដាប់ទី៤ បន្ទាប់ពីបារាំងឈរលំដាប់ទី៣។ ចិនមិនបានប្រកាសពីក្បាលគ្រាប់បរមាណូឡើយ តែអាមេរិកសន្និដ្ឋានថាមានប្រមាណ២០០-៣៥០គ្រាប់។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានបង្កើនចំនួនក្បាលគ្រាប់បរមាណូយ៉ាងតិច ១០០គ្រាប់។ អាមេរិកមានក្បាលគ្រាប់បរមាណូ៣០០០គ្រាប់ត្រៀមលក្ខណៈធ្វើសង្គ្រាមវាយប្រហារគ្រប់ពេល ។
ចំណែកមីសីុល ចិនមានមីស៊ីល ច្រើនដែលអាចបាញ់ចេញពីដីគោក មីស៊ីលទំនើបរបស់ចិនគឺ Dong Feng 26 ដែលអាចវាយប្រហារទៅលើគោលដៅក្នុងទឹកដីអាមេរិក៕