អភិបាលខេត្តកំពង់ធំ ជំនួបពិភាក្សាការងារជាមួយក្រុមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា មុននឹងបើកយុទ្ធនាការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តកំពង់ធំ បានអោយដឹងថា, នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ជំនួបកិច្ចប្រជុំ​ពិភាក្សា​ជាមួយក្រុមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខា​ធិការ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា មុននឹងបើកយុទ្ធនាការទ្រង់ទ្រាយធំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃស្អែកនេះ។

ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សានោះផងដែរ លោក សុខ លូ បានថ្លែងអំណរគុណដល់ក្រុម​គ្រូពេទ្យ​សហភាពសហព័ន្ធ​យុវជនកម្ពុជា ដែលចុះមកបំពេញបេសកកម្មចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំពេលនេះ។ លើសពី​នេះ​ទៅទៀត ដើម្បីអោយដំណើរការនៃការចាក់វ៉ាក់សាំងប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស ឯកឧត្តមបាន​ហើយជំរុញ​ដល់​អាជ្ញាធរក្រុង/ស្រុក ត្រូវមានភាពម្ចាស់ការការទៅលើការផ្សព្វផ្សាយព័ត៌មាន​ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅ​ក្នុង​មូលដ្ឋាន​​​របស់ខ្លួន មកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ ទៅតាម​ការកំណត់​នៃកាលបរិច្ឆេទ របស់អាជ្ញាធរការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ការរៀបចំទីតាំងនៃការចាក់វ៉ាក់សាំង ជាពិសេស​ពាក់ព័ន្ធនឹង​សេវាអ៊ីនធឺណិត ការរៀបចំកន្លែងស្នាក់នៅរបស់ក្រុម​គ្រូពេទ្យ​សហភាពសហព័ន្ធយុវជនកម្ពុជា ការរៀបចំ​របៀប​រៀបរយ​​នៅពេលប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង និងបន្ទាប់ពីចាក់វ៉ាក់សាំងត្រូវឲ្យពួកគាត់សម្រាករយៈពេល ៣០នាទី នៅក្នុង​មណ្ឌល អង្គុយត្រូវរក្សាគំលាតសុវត្ថិភាព មុននឹងឲ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញ ហើយការចាក់វ៉ាក់​សាំង​នេះត្រូវតែមាន​ភាពច្បាស់លាស់។ 

ទន្ទឹមនឹងនោះដែរ លោក សុខលូ ក៏បានអំពាវនាវ​សូមបងប្អូនប្រជាពលរដ្ឋ​ទាំងអស់​បង្កើនការ​ប្រុង​ប្រយ័ត្ន​ការពារខ្លួនពីជំងឺកូវីដ១៩ ដោយគោរពឲ្យបានតាមសេចក្ដីណែនាំ​របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានដើម្បីទប់​ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩។ ជាពិសេសអនុវត្តតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការការពារខ្លួន​ពីជំងឺកូវីដ-១៩ «៣ការពារ និង៣កុំ»៖ ៣ការពារគឺ (១)ពាក់ម៉ាស់ (២) លាងដៃជាប្រចាំ និង(៣) រក្សាគម្លាតសុវត្ថិភាព។

៣កុំគឺ (១) កុំទៅកន្លែងមនុស្សកុះករ (២) កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និង (៣) កុំប៉ះពាល់ស្និទ្ធស្នាលគ្នា។

ជាចុងក្រោយលោក សុខ លូ អភិបាលខេត្តកំពង់ធំ សូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ជាពិសេស លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចាត់តាំងក្រុមការងារចុះមកបំពេញបេសកកម្ម ក្នុងការយុទ្ធនា​ការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទាំងអស់ សូមគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វះស្វែងរកជំនួយ ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ យកមកចាក់ជូន​បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជាក្នុងខេត្តកំពង់ធំ ក្នុងនោះខេត្តកំពង់ធំក៏បានទទួលវ៉ាក់សាំងនៅក្នុងខែកក្កដា ព្រមទាំង​បើកយុទ្ធនាការទ្រង់ទ្រាយធំចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី១២ ស្អែកនេះ ហើយនៅក្នុងខែសីហា ខាង​មុខ​នេះ ខេត្តកំពង់ធំនឹងទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ បន្តចាក់ជូនបងប្អូនប្រជាពរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ធំ ក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ដែលជាគុណបំណាច់ដ៏ធំធេងណាស់សម្រាប់ប្រទេសជាតិយើង៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print