ភ្នំពេញ៖ អគ្គិសនីកម្ពុជា សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់អគ្គិសនីធុនធំ(ប្រភេទតង់ស្យុងមធ្យម)និងអ្នកប្រើប្រាស់ ធុនដុំ(ប្រភេទតង់ស្យុងខ្ពស់) គ្រប់ប្រភេទដែលមានបំណងដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យ ដើម្បីផ្ដល់ប្រភពអគ្គិសនីឱ្យ ការប្រើប្រាស់របស់ខ្លួនបន្ថែម ដោយភ្ជាប់សាំងកូ្រនជាមួយប្រព័ន្ធផ្គត់ផ្គង់របស់បណ្ដាញជាតិ ដូចខាងក្រោម៖
១- អ្នកប្រើប្រាស់ត្រូវដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់របស់ខ្លួន(អគ្គិសនីកម្ពុជា ឬអ្នកកាន់អាជ្ញាបណ្ណ)ដោយ ផ្ដល់ព័ត៌មានឱ្យបានពេញលេញតាមគោលការណ៍តម្រូវរបស់អ្នកផ្គត់ផ្គង់ និងត្រូវអនុវត្តដូចខាងក្រោម៖ > ទីតាំងប្រើប្រាស់អគ្គិសនីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតក្នុងដែនអាជ្ញាបណ្ណរបស់ អគ្គិសនីកម្ពុជា ត្រូវដាក់ពាក្យស្នើសុំនៅនាយកដ្ឋានអាជីវកម្មចែកចាយ នៃអគ្គិសនីកម្ពុជា។
> ចំពោះទីតាំងប្រើប្រាស់អគ្គិសនីក្រៅពីចំណុចខាងលើ ត្រូវដាក់ពាក្យស្នើសុំដោយផ្ទាល់ទៅអ្នកផ្គត់ផ្គង់ដែលជាអង្គភាពអគ្គិសនីខេត្តសាមី ឬតាមរយៈអ្នកកាន់អាជ្ញាបណ្ណ។
២- ការភ្ជាប់ប្រភពអគ្គិសនីពីប្រព័ន្ធពន្លឺព្រះអាទិត្យទៅជាមួយប្រព័ន្ធផ្គត់ផ្គង់ ឬប្រព័ន្ធប្រើប្រាស់អគ្គិសនីរបស់ បណ្តាញជាតិ ដោយគ្មានការអនុញ្ញាតពីអ្នកផ្គត់ផ្គង់(អគ្គិសនីកម្ពុជា ឬអង្គភាពអគ្គិសនីខេត្តចំណុះ) គឺ ជាទង្វើល្មើសផ្ទុយពីបទប្បញ្ញត្តិរបស់អាជ្ញាធរអគ្គិសនីកម្ពុជា លេខ ០១៨សរ.១៨ អអក ចុះថ្ងៃទី២៦ ខែ មករា ឆ្នាំ២០១៨។
៣- អ្នកប្រើប្រាស់ត្រូវគោរព និងអនុវត្តតាមស្តង់ដាបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌសុវត្ថិភាព(ផ្អែកលើ ប្រការ៥ នៃបទប្បញ្ញត្តិរបស់អាជ្ញាធរអគ្គិសនីកម្ពុជា លេខ ០១៨ សរ.១៨ អអក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨) ព្រមទាំងត្រូវបានពិនិត្យឃើញត្រឹមត្រូវគ្រប់លក្ខខណ្ឌពីអគ្គិសនីកម្ពុជា មុនទទួលបានការ អនុញ្ញាតឱ្យភ្ជាប់សាំងកូ្រន។
ទទួលបានសេចក្ដីណែនាំនេះ គ្រប់ការិយាល័យ និងអង្គភាពអគ្គិសនីពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ៖ សិលា