នៅក្នុងរបាយការណ៍ផ្ញើទៅកាន់អង្គការសហប្រជាជាតិ កូរ៉េខាងជើង បានសារភាពទទួលស្គាល់ថា កំពុងស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុតពីកង្វះស្បៀងអាហារមិនធ្លាប់មានក្នុងរយៈពេល ១ទសវត្សរ៍កន្លងមក ក្នុងប្រទេសកូរ៉េខាងជើង ។ នេះគឺជាឧបស័គយ៉ាងធំធេងដែលមេដឹកនាំ គីម ជុងអ៊ុនត្រូវប្រឈមមុខចាប់តាំងពីឡើងកាន់អំណាចដឹកនាំប្រទេស។
ទិន្ឋផលកសិកម្មរបស់កូរ៉េខាងជើង ថយចុះយ៉ាងខ្លាំងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៨ ដោយសារតែ កតាធម្មជាតិ កង្វះទុនវិនិយោគលើកវិស័យកសិកម្ម … ។ សារព័ត៌មាន Bloomberg បានផ្សាយថា គណៈប្រតិភូកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ បានប្រកាសរបាយការណ៍ខាងលើ នៅថ្ងៃទី១៣ខែកក្កដា ។ នេះជាលើកដំបូង ដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងប្រកាសដោយបើកជំហពីកង្វះស្បៀងអាហារ។
តាមការប្រកាសរបស់កូរ៉េខាងជើង ការដាក់ទណ្ឌកម្មរបស់អាមេរិក និង អង្គការសហប្រជាជាតិ បានប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចប្រទេសកូរ៉េខាងជើង ។ របាយការណ៍ខាងលើរបស់កូរ៉េខាងជើងបានប្រកាសក្រោយពេលមេដឹកនាំ គីម ជុងអ៊ុន ប្រកាសតាមកញ្ជក់ទូរទស្សន៍ជាតិ ពីស្ថានភាពកង្វះស្បៀងអាហារទ្រង់ទ្រាយធំ ក្រោយស្បៀងអាហាររក្សាទុកនៅក្នុងប្រទេសនេះថយចុះយ៉ាងខ្លាំង ។
វិបត្តិកង្វះស្បៀងអាហារ អូសបន្លាយតាំងពីឆ្នាំ២០២០ ដោយសារតែប្រទេសនេះទទួលរងការវាយប្រហារដោយព្យុះ ធ្វើឲ្យផលដំណាំជាច្រើនត្រូវខូចខាត។ មួយវិញទៀតកូរ៉េខាងជើង បានបិទព្រំដែនទាំងស្រុងដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ។
តាមការលើកឡើងរបស់កម្មវិធីស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ បញ្ជាក់ថា កូរ៉េខាងជើងប្រឈមកង្វះស្បៀងអាហារធ្វើឲ្យពលរដ្ឋដល់ទៅ ៤០% កង្វះអាហាររូបត្ថម្ភ៕
ដោយ៖ធីរីណា
រូបថតដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ៨ ខែមិថុនាបានបង្ហាញថាមេដឹកនាំគីមជុងអ៊ុនចូលរួមប្រជុំនៅទីក្រុងព្យុងយ៉ាង។ រូបថតៈKCNA