ខេត្តពោធិ៍សាត់ ៖ ថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចំរុះប្រមាណជិត៦០នាក់ មធ្យោបាយដោយកាណូតបែងចែកជាពីក្រុម បន្តចុះបង្រ្កាបបទល្មើសនេសាទ ដោយរុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រី(របាំង)ដែលជាវត្ថុតាង ។
សេចក្តីរាយការណ៍ពីកម្លាំងចុះផ្ទាល់បានឲ្យដឹងថា ក្រុមទី-១ បានចុះត្រួតពិនិត្យ និងបង្រ្កាបត្រង់ចំណុចចារុះ និងកោះគ្របបាយ ស្ថិតនៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង និងភូមិក្អមសំណ ឃុំមេទឹក ស្រុកបាកាន លទ្ធផលៈ រុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រី(របាំងស្បៃមុង)ចំនួន១០ខ្សែ ស្មើនឹងប្រវែងចំនួន១.៥០០ម៉ែត្រ លូកងស្បៃមុងចំនួន១១មាត់ បង្គោលចំរឹងចំនួន៥៣០ដើម និងចាក់លែងត្រីចំរុះចូលទឹកបឹងទន្លេសាបចំនួន២៥គីឡូក្រាម ។
ប្រភពដដែលបន្តទៀតថា ដោយឡែកៈ ក្រុមទី-២ បានចុះត្រួតពិនិត្យ និងបង្រ្កាបស្ថិតនៅឃុំអន្សាចំបក់ ស្រុកក្រគរ លទ្ធផលៈ រុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីដែលជាវត្ថុតាង(របាំងស្បៃមុង និងរបាំងសាច់អួន)ចំនួន៣៥ខ្សែ ស្មើនឹងប្រវែងចំនួន៣.៣០០ម៉ែត្រ បង្គោលចំរឹងចំនួន១.២០០ដើម ថែមទាំងចាក់លែងត្រីចំរុះចំនួន១២គីឡូក្រាមផងដែរ ។
គួររំលឹកផងដែរថា រយៈពេលប៉ុន្មានថ្ងៃនេះឃើញកម្លាំងសមត្ថកិច្ចសហការគ្នា និងបែងចែកកម្លាំងជាក្រុមៗ ដើម្បីបែងចែកតំបន់គ្នាធ្វើការបង្រ្កាប ហើយលទ្ធផលក៍អនុវត្តបានច្រើនគួរឲ្យកត់សម្គាល់ផងដែរ ប៉ុន្តែគេពុំដឹងមានប្រសិទ្ធភាពបានរយៈពេលប៉ុន្នានោះទេ ព្រោះពុំដែលឃើញអនុវត្តលើជនប្រព្រិត្តនោះឡើយ ៕
ដោយ៖ បុឹម ពិន