ខេត្តសៀមរាប, យុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងទូទាំងស្រុកបន្ទាយស្រីនឹងចាប់ផ្តើមនៅក្នុងថ្ងៃស្អែកនេះហើយ! ក្រុមការងារមកពីកងពលធំអន្តរាគមន៍លេខ២ សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រីបានត្រៀមរួចជាស្រេចដើម្បីបំពេញបេសកកម្មដ៏មានអត្ថន័យមួយនេះ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ដ៏វ័យក្មេង បានគូសបញ្ជាក់ថា, នេះគឺជាដំណឹងដ៏គួរឱ្យរំភើបរីករាយជាទីបំផុតសម្រាប់ស្រុកបន្ទាយស្រី ដែលទទួលបានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ផ្តល់ជូនវ៉ាក់សាំងការពារជំងឺកូវីដដល់ប្រជាពលរដ្ឋគ្រប់ៗគ្នានៅក្នុងស្រុកដែលមានវ័យចាប់ពី១៨ឆ្នាំឡើងទៅ។
លោកបន្តថា, ក្នុងនាមអភិបាលនៃគណៈអភិបាលស្រុក និងជួសមុខឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីទាំងមូល ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប និងលោកអភិបាលខេត្ត ទៀ សីហា ដែលបានខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំង និងជំរុញគាំទ្រឱ្យយុទ្ធនាការមួយនេះអាចលេចចេញជារូបរាងឡើងនៅក្នុងស្រុកបន្ទាយស្រី ក៏ដូចជានៅតាមតំបន់ដទៃទៀតនៅទូទាំងប្រទេសកម្ពុជា។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់កងកំលាំងមកពីកងពលធំអន្តរាគមន៍លេខ២ ដែលមានលោកឧត្តមសេនីយ៍ឯក កែវ ធី ជាមេបញ្ជាការ ដែលបានចុះអនុវត្តផែនការចាក់វ៉ាក់សាំងនេះសម្រាប់ស្រុកបន្ទាយស្រីរហូតទាល់តែដល់ទីបញ្ចប់។
សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល១៤ថ្ងៃពេញ គិតចាប់ពីថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ ២០២១ ដោយចាប់ផ្តើមពីភូមិព្រះដាក់មុនគេ ហើយមានបែងចែកជា៣ដំណាក់កាលដូចខាងក្រោម៖
– ពីថ្ងៃទី១៥ ដល់ ថ្ងៃទី២០៖ ទីតាំងនៅក្នុងសាលាបឋមសិក្សាព្រះដាក់ សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ និងឃុំរុនតាឯក
– ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៥៖ ទីតាំងនៅក្នុងសាលាបឋមសិក្សាខ្នារសណ្តាយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំខ្នារសណ្តាយ និងឃុំឃុនរាម
– ពីថ្ងៃទី២៦ ដល់ ថ្ងៃទី៣០៖ ទីតាំងនៅក្នុងអនុវិទ្យាល័យត្បែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំត្បែង និងឃុំរំចេក
វ៉ាក់សាំងនឹងមានគ្រប់គ្រាន់សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានអាសយដ្ឋានអចិន្ត្រៃយ៍នៅក្នុងស្រុកបន្ទាយស្រី និងមានវ័យចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដូច្នេះមិនចាំបាច់ដណ្តើគ្នាមកចាក់មុនចាក់ក្រោយនោះឡើយ។ ដោយឡែកប្រជាពលរដ្ឋដែលមិនមានសៀវភៅស្នាក់នៅនៅក្នុងស្រុកបន្ទាយស្រី ឬបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងកន្លែងដទៃ សូមមេត្តាស្វែងរកយុទ្ធនាការចាក់វ៉ាក់សាំងដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់វិញ ជៀសវាងប្រមូលគ្នាមកចាក់ខុសទីកន្លែង ព្រោះក្រុមការងារនឹងធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារយ៉ាងតឹងរុឹងជាទីបំផុត និងមិនអនុញ្ញាតឱ្យចូលមកក្នុងមណ្ឌលឡើយ។
ការចាក់វ៉ាក់សាំងនឹងធ្វើឡើងម្តងមួយភូមិៗ ដោយបែងចែកជាក្រុមតូចៗនិងរៀបចំទៅតាមលំដាប់លំដោយបន្ថែមទៀតនៅក្នុងភូមិនីមួយៗ។ ក្រោយពីគ្រប់ភូមិទាំងអស់នៅក្នុងឃុំដំបូងត្រូវបានបញ្ចប់ហើយទើបបន្តចាក់ក្រុមមកពីភូមិថ្មីនៅក្នុងឃុំថ្មី ទៅតាមកាលវិភាគនៃម៉ោងពេលដែលបានកំណត់រួចជាស្រេចនៅក្នុងថ្ងៃនីមួយៗ។ សូមសាកសួរពត៌មានលម្អិតបន្ថែមទៀតជាមួយប្រធានភូមិរៀងៗខ្លួន ពីកាលវិភាគនៃក្រុមរបស់ខ្លួននៅក្នុងភូមិនីមួយៗ ដើម្បីជៀសវាងការអង្គុយរង់ចាំយូរពេក ឬការយឺតយ៉ាវក្នុងការអញ្ជើញមកចាក់វ៉ាក់សាំង។ បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកមុនខុសពីកាលវិភាគដែលបានរៀបចំទុកជាមុននឹងមិនត្រូវបានអនុញ្ញាតឱ្យចាក់មុននោះទេ។
លោកអភិបាលបន្តថា, ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យរក្សាគម្លាត ពាក់ម៉ាស់ និងគោរពសណ្តាប់ធ្នាប់នៅទីតាំងចាក់វ៉ាក់សាំងនីមួយៗ ជៀសវាងហានិភ័យនៃការឆ្លងរាលដាលនៅក្នុងមណ្ឌលចាក់វ៉ាក់សាំង និងធ្វើយ៉ាងណាឱ្យយុទ្ធនាការនេះបញ្ចប់ទៅដោយរលូន និងប្រកបដោយជោគជ័យ៕
ដោយ, សុខ ខេមរា