ភ្នំពេញ, នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់អំពី លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក។ ក្នុងសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា, បងប្អូនជនរួមជាតិជាទីគោរព!
នៅថ្ងៃនេះខ្ញុំសូមជម្រាបជូននូវលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងបន្តថា, វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ ទោះជាក្នុងស្ថានភាពប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។
ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចំរើន។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា, ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕
សូមអរគុណ!
ដោយ, សុខ ខេមរា