ខេត្តសៀមរាប, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានមានប្រសាសន៍យ៉ាងដូច្នេះថា, ពេលបោះមួយជំហ៊ានទៅមុខ ត្រូវគិតពីរជំហ៊ានបន្ទាប់អោយហើយ ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងខណៈលោកចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំង សម្រាប់ត្រៀមព្យាបាលជំងឺកូវីដ១៩ កម្រិតមធ្យមនិងធ្ងន់ ថ្នាក់តំបន់ នៅខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា, ការវាយតម្លៃ ព្យាករណ៍សភាពការណ៍ ព្រមទាំងការរៀបចំផែនការផ្អែកលើមូលដ្ឋានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ និងការចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈដើម្បីត្រៀមលក្ខណៈឆ្លើយតប ឬដោះស្រាយគ្រប់យថាហេតុដែលអាចកើតមានឡើង អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព គឺជាកត្តាគន្លឹះមួយដ៏សំខាន់សម្រាប់ជោគជ័យលើគ្រប់ការងារ ។
លោកបន្តថា, កុំរង់ចាំដល់ពេលសង្គ្រាមផ្ទុះ បានចាប់ផ្តើមជ្រើសរើសទ័ពយកមកហ្វឹកហ្វឺន បំពាក់អាវុធ និងរៀបចំផែនការប្រយុទ្ធ ព្រោះវាអាចហួសពេលបាត់ទៅហើយ៕
ដោយ, សុខ ខេមរា