ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ បានបញ្ជូនខ្លួន ជនសង្ស័យម្នាក់ ដែលជាអ្នកកាសែតម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងបទល្មើសប្រមាថ អាយុជីវិតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសកម្ពុជា។
មន្រ្តីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ កៅ ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន(សុំមិនបញ្ចេញឈ្មោះអង្គភាព) មានទៅលំនៅ នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ខេត្តបាត់ដំបង។
ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២១ បន្ទាប់ពីបានសរសេរ សារលើប្រព័ន្ធសង្គមហ្វេសប៊ុក របស់ខ្លួនប្រមាថដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រទេសជាតិ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យត្រូវបានជាប់ចោទ និងជាប់ពាក់ព័ន្ធនឹងបទល្មើស ” ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក” ហើយត្រូវស្ថាប័នតុលាការកំពុងមានចំណាត់ការតាមច្បាប់ហើយ៕