ក្រុងប៉ោយប៉ែត៖ ទោះបីជាឋិតនៅក្នុងដំណាក់កាលកូវីដ-១៩កំពុងរីរាលដាលក៏ដោយ ក៏ទាហានថៃនៅតែបន្តឃាត់ខ្លួនពលករខ្មែរ៥នាក់និងមេខ្យល់ជាជនជាតិថៃម្នាក់ដែលនាំគ្នាលួចឆ្លងដែនខុសច្បាប់កាលពីវេលាម៉ោង១២ៈ៤០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ចជួរមុខឱ្យដឹងថា នគបាលខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ សហការជាមួយកម្លាំងទាហានប្រាណទី១២០៥ អាជ្ញាធរឃុំប៉ារ៉ៃ,អាជ្ញាធរស្រុកអារញ្ញ បានចាប់ឃុំខ្លួនពលករខ្មែរ ព្រមទាំងមេខ្យល់ម្នាក់ សរុប៦នាក់ នៅបរិវេណផ្លូវភូមិភូ ណាំគ្លៀង ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ និងបាននាំខ្លួនទៅសួរនាំបន្ថែម។ សមត្ថកិច្ចដដែលប្រាប់បន្ថែមថា អ្នកដែលត្រូវចាប់ឃុំខ្លួនទាំង៦នាក់ខាងលើ រួមមានឈ្មោះសិទ្ធិឆ័យ កិងណយ អាយុ២០ឆ្នាំ ជនជាតិថៃ ជាមេខ្យល់, ឈ្មោះខាត់ ថេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះទើត សាក់លឿន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះអែម ចាន់លី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះវ៉ាន វ៉ន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះយាត ណាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រួមទាំងវត្ថុតាងរថយន្តភីកអាប់ ម៉ាកអុីស៊ុយហ្ស៊ុយឌីម៉េក ពណ៌ស ពាក់ស្លាកលេខกง-8443ណៈខន នាយក។ ដោយឡែកពលករខ្មែរទាំង៥នាក់ត្រូវសមត្ថកិច្ចថៃចោទពីបទ ជាបុគ្គលអន្តោប្រវេសន៍ចូលមកនិងស្នាក់នៅក្នុងរាជាណាចក្រថៃដោយមិនបានទទួលការអនុញ្ញាត។ ក្រោយពីអនុវត្តតាមវិធានការសុខាភិបាល សមត្ថកិច្ចថៃបាននាំខ្លួនជនសង្ស័យទាំងនេះបញ្ជូនទៅឲ្យជំនាញ
ខ្លងលឹក ដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ៖ វណ្ណា