ភ្នំពេញ, លោក នេត្រ ភក្ត្រា
រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាំក្យក្រសួងបរិស្ថាន បានថ្លែងថា, 1. ហួងសត្វខ្ទីងដែលមានទាំងសត្វខ្ទីងធំ សត្វខ្ទីងតូចៗជាច្រើនត្រូវបានក្រុមអ្នកស្រាវជ្រាវនៃ ក្រសួងបរិស្ថានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ បង្ហាញវត្តមាននៅក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជា នាពេលថ្មីៗនេះ។ វត្តមាននៃកូនសត្វខ្ទីងជាច្រើន គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្សនិងសម្រាប់ ជីវៈចម្រុះពិភពលោក ខណៈសត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជា ប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។
2. ប្រវត្តិរបស់សត្វខ្ទីងធ្លាប់មានវត្តមាននៅតាមតំបន់ដែលមានព្រៃក្នុងតំបន់អាស៊ីភាគខាងត្បូងនិងភាគ អាគ្នេយ៍ និងប្រទេសស្រីលង្កា។ ចំនួនសត្វខ្ទីងត្រូវបានសិក្សាថាមានការ ថយចុះជាង ៨០%ក្នុងរយៈពេល មួយសតវត្សរ៍ចុងក្រោយនេះ ហើយសត្វខឹងនៅលើពិភពលោកបានថយចុះ ប្រមាណ ៩០% ចាប់ពី ពាក់កណ្តាលសតវត្សរ៍ទី២០មក។ តាមការសិក្សារបស់អ្នកជំនាញ សត្វខ្ទីងនៅកម្ពុជាមានការធ្លាក់ចុះ ប្រមាណជាង ៥០% នៅក្នុងអំឡុង ពេលចន្លោះពីឆ្នាំ ១៩៦០ មកដល់ដើមឆ្នាំ ១៩៩០។ ចំនួននេះត្រូវបាន រកឃើញថាមានការធ្លាក់ចុះបន្ថែមទៀតរហូតមកដល់ពេលនេះ។ បើទោះបីជាការសិក្សាបានបង្ហាញថា ចំនួនសត្វខ្ទីងនៅកម្ពុជាមានការថយចុះស្របតាមនិន្នាការនៃការថយចុះរបស់ពិភពលោក តែរបាយ ប្រជាសាស្ត្រសត្វខ្ទីងមាននៅស្ទើរគ្រប់តំបន់ការពារធម្មជាតិនានា។
3. យោងតាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ ចំនួនប្រជាសាស្ត្រនៃសត្វខ្ទីងនៅលើពិភពលោកត្រូវ បានគេប៉ាន់ស្មានថា មានចន្លោះពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយក្នុងនោះ បើយោងតាម ទិន្នន័យទីវាល ចំនួនសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦ ០០០ ទៅ ២១ ០០០ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ខ្ទីងកំពុងមានវត្តមានរស់នៅក្នុងប្រទេសប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃនិងវៀតណាម ប៉ុន្តែបានផុតពូជនៅក្នុងប្រទេសស្រីលង្កា និងប្រទេសបង់ក្លាដេស។
4. មិនទាន់មានទិន្នន័យច្បាស់លាស់ថានៅកម្ពុជានៅសល់ស ត្វខ្ទីងចំនួនប៉ុន្មានឡើយ តែយោងតាម ទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងការពីមន្រ្តីឧទ្យានុរក្សដែលបានចុះល្បាតនៅតាម តំបន់ការពារធម្មជាតិនានា សត្វខ្ទីងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិនានា។ នៅក្នុងហ្វង ខ្ទីង ដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ គឺមានវត្តមានកូនខ្ទីងនិងសត្វខ្ទីងជំទង់ជាច្រើនដែលនេះ បង្ហាញថាសត្វខ្ទីងបន្តមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានបន្តពូជ បង្កើតកូនតូចៗ ជាច្រើនដែលជាផ្នែកមួយនៃការរក្សាបានប្រភេទពូជសត្វដ៏កម្ររបស់ពិភពលោកនៅកម្ពុជា និងការ ថែរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេរស់នៅ។
5. យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ ជាង ២០០០ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជា តំបន់ទេសភាពខ្ពង់រាបខាងកើត និង តំបន់ជួរភ្នំក្រវ៉ាញជាដើម។ តំបន់ខ្លះមានសត្វខ្ទីងចំនួនច្រើន ដូចជានៅក្នុងតំបន់ដែន ជម្រកសត្វព្រៃក្នុង ខេត្តមណ្ឌលគិរីជាតំបន់ដែលមានសត្វខ្ទីងរស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះ ពីជាង ៥០០ ទៅជាង ១០០០ក្បាល តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្ន។ សត្វប្រភេទនេះចូលចិត្តរស់នៅ ក្នុងព្រៃស្រោង ព្រៃឈ្មោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញី អាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល ៩ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១,៥ តោន។
6. ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការ បរបាញ់ ការដាក់អន្ទាក់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត ព្រមទាំងការឆ្លងជំងឺពី សត្វស្រុក។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ អន្ទាក់និងកាំភ្លើងកែច្នៃ គឺជា ឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ដែលចាំបាច់ត្រូវទប់ស្កាត់និងបង្រ្កាបកុំឱ្យមានការយកចូលក្នុង តំបន់ការពារធម្មជាតិ។ អន្ទាក់ជាង ៧ ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងកែច្នៃ ជាង ១០០០ដើមត្រូវបានរឹបអូសក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ ។
7. ក្រសួងបរិស្ថានក្លងនាមសេនាធិការរបស់រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការអនុវត្តច្បាប់លើកិច្ចការពារនិងគ្រប់គ្រងអភិរក្សជីវៈចម្រុះសត្វព្រៃគ្រប់ប្រភេទ ការការពារឱ្យបានល្អប្រសើរនូវតំបន់ការពារធម្មជាតិ ដែលជាទីជម្រករបស់សត្វព្រៃ និងថែរក្សាប្រភពទឹក និងប្រភពចំណីអាហាររបស់សត្វព្រៃ ក៏ដូចជាការអប់រំផ្សព្វផ្សាយពីច្បាប់និងសារៈសំខាន់នៃការថែរក្សាព្រៃឈើសត្វព្រៃដើម្បីអនុញ្ញាតឱ្យជីវៈចម្រុះជាពិសេសសត្វកម្រដែលជិតផុតពូជនៅលើពិភពលោកបន្តរស់នៅនឹង បន្តពូជបន្សល់ទុកជាសម្បត្តិ ធម្មជាតិសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ក្រសួងបរិស្ថាននិង
បន្តសហការជាមួយអង្គការដៃគូនានាដែលបានសហការក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជាដើម្បីថែរក្សាការពារឱ្យបានគង់វង្សនូវធនធានធម្មជាតិ ព្រៃឈើនិងសត្វព្រៃ។
8. ដើម្បីចូលរួមការពារនិងអភិរក្សសត្វព្រៃជាពិសេសសត្វព្រៃកម្រៗនៅលើពិភពលោកដែលមានវត្ត មាននៅកម្ពុជា ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរិភោគ សាច់សត្វ ព្រៃ និងកុំជឿថាបរិភោគសាច់សត្វព្រៃផ្តល់នូវសុខភាពល្អ។ ជាមួយគ្នានេះ សមត្ថកិច្ចពាក់ព័ន្ធនឹង អនុវត្ត ច្បាប់ប្រឆាំងនឹងជនល្មើសសម្លាប់សត្វដោយមិនលើកលែងឡើយ ។ ក្រសួងបរិស្ថានស្នើសុំប្រជាពលរដ្ឋ ទាំងអស់ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងសូមនិយាយថាទេចំពោះការជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងចូលរួមរាយការណ៍ប្រាប់សមត្ថកិច្ច ប្រសិនបើឃើញមានការបរបាញ់សត្វ ការដាក់អន្ទាក់ចាប់ សត្វ និងចូលរួមបណ្តុះស្មារតីក្មេងៗជំនាន់ក្រោយស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃដើម្បី ផលប្រយោជន៍ សម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើនចំណូលប្រជាសហគមន៍មូលដ្ឋាន កាត់បន្ថយ និងលុបបំបាត់របរចូលព្រៃកាប់ឈើនិងបរបាញ់សត្វ ឬដាក់អន្ទាក់ចាប់សត្វដែលប្រជាពលរដ្ឋមួយចំនួន កំពុងប្រកបរបរដែលប្រឈមនឹងមុខច្បាប់នេះ៕
https://youtu.be/cViNSWSeYF0
ដោយ, សិលា