ខេត្តកោះកុង៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញ បានអញ្ជើញពិភាក្សាអំពីការត្រៀមរៀបចំទីតាំងបន្ថែម សម្រាប់ព្យាបាលជំងឺកូវីដ១៩ កម្រិតមធ្យមនិងធ្ងន់ និងពិនិត្យការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល នៅខេត្តកោះកុង។ ក្នុងនោះអមដំណើរដោយក្រុមការងារ និងលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងផងដែរ។
លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានថ្លែងថា, នៅថ្ងៃសុក្រ ៧ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នាងខ្ញុំ បានចូលរួមអមដំណើរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក , នាយឧត្តមសេនីយ៍ ប៊ុន លើត និង នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងការអញ្ជើញចុះពិនិត្យមណ្ឌលព្យាបាលកម្រិតធ្ងន់ (ទីតាំងសាលាខេត្តចាស់) សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងមណ្ឌលចត្តាឡីស័កដែលបានរៀបចំថ្មីចំនួន ២កន្លែង (ទីតាំង តារីតុការ និងមជ្ឈមណ្ឌលស៊ូននឹង) ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍យ៉ាងដូច្នេះថា, ” ពេលបោះមួយជំហ៊ានទៅមុខ ត្រូវគិតពីរជំហ៊ានបន្ទាប់អោយហើយ” ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងខណៈលោកចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំង សម្រាប់ត្រៀមព្យាបាលជំងឺកូវីដ១៩ កម្រិតមធ្យមនិងធ្ងន់ ថ្នាក់តំបន់ នៅខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា, ការវាយតម្លៃ ព្យាករណ៍សភាពការណ៍ ព្រមទាំងការរៀបចំផែនការផ្អែកលើមូលដ្ឋានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ និងការចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈដើម្បីត្រៀមលក្ខណៈឆ្លើយតប ឬដោះស្រាយគ្រប់យថាហេតុដែលអាចកើតមានឡើង អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព គឺជាកត្តាគន្លឹះមួយដ៏សំខាន់សម្រាប់ជោគជ័យលើគ្រប់ការងារ ។
លោកបន្តថា, កុំរង់ចាំដល់ពេលសង្គ្រាមផ្ទុះ បានចាប់ផ្តើមជ្រើសរើសទ័ពយកមកហ្វឹកហ្វឺន បំពាក់អាវុធ និងរៀបចំផែនការប្រយុទ្ធ ព្រោះវាអាចហួសពេលបាត់ទៅហើយ៕
ដោយ, សុខ ខេមរា