បុរសពីរនាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តដែលកំពុងបត់ត្រឡប់ក្រោយបណ្តាលឲ្យស្លាប់ម្នាក់របួសស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្តធុនធំដែលកំពុងបត់ត្រឡប់ក្រោយ​បណ្តាលឲ្យបុរសម្នាក់ស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាលម្លិះដង្កោ និងម្នាក់ទៀតបានរងរបួសស្រាល ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នៅចំណុចមុខស្ថានីយប្រេងឥន្ធន: CALTEX លើផ្លូវលេខ២១៧ ស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1W-4892 បើកបរដោយឈ្មោះ ទោយ សុភា អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនជីបម៉ុង មានទីលំនៅភូមិព្រៃវែង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ (រងរបួសស្រាល មិនពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរជាមួយមានឈ្មោះ ហៀន ច្រច អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនជីបម៉ុង មានទីលំនៅស្ថិតក្នុងភូមិព្រែកតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរសម្រាកព្យាបាលម្លិះដង្កោ (មិនពាក់មួកសុវត្ថិភាព) ។ ចំណែករថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8876 ( អ្នកបើកបររថយន្តពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលមានគ្រោះថ្នាក់ចរាចរណ៍នេះគេឃើញរថយន្តមួយគ្រឿងហើយនិងម៉ូតូបានបើកបរស្របទិសដៅគ្នាតាមបណ្តោយផ្លូវលេខ២១៧ពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានបត់ត្រលប់ក្រោយ ស្របពេលនោះម៉ូតូដែលបើកមកពីក្រោយ ក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនទាន់ក៏បានបុករថយន្តពេញទំហឹងបណ្ដាលឲ្យមនុស្សប្រុសម្នាក់រងរបួសធ្ងន់ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាលម្លិះដង្កោ និងមនុស្សប្រុសម្នាក់ទៀតបានរងរបួសស្រាល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print