ខេត្តកំពង់ឆ្នាំង ÷ ផ្ទះឈើ១ខ្នងត្រូវភ្លើងខ្ទេចទាំងស្រុង បន្ទាប់ពីបានឆ្លងចរន្តអគ្គិសនី ។ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលត្រូវអគិ្គភ័យឆេះនេះ មានទំហំ ៩ម៉ែត្រ គុណនឹង ៧ម៉ែត្រ ជារបស់ម្ចាស់ឈ្មោះ តឹក គឹមឡាយ ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញផ្ទះរបស់ឈ្មោះ តឹក គឹមឡាយ
ហុយផ្សែងចេញខ្មួលខ្មាញ់ឡើងទៅលើ ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាស្រែកឆោឡោឡើងនិងជួយពន្លត់ ព្រមទាំងបានសុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យស្រុកបរិបូរណ៍មកជួញបាញ់ទឹកពន្លត់ ភ្លាមៗដែរតែមិនអាចជួយទាន់ បណ្តាលឲ្យភ្លើងឆេះសន្ធោសន្ធៅតែម្តង ។
ក្នុងករណីនេះ បង្កឲ្យការខូចខាត ឆេះប្រាក់ដុល្លារ ចំនួន ១៥០០ ដុល្លារ ប្រាក់រៀល ចំនួន៣លានរៀល ស្រូវ ចំនួន ១ តោន អង្ករ ២០០ គីឡូក្រាម និងសម្ភារប្រើប្រាស់ឆេះអស់ទាំងស្រុង ។
នៅពេលនោះដែរ រថយន្តអគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ប្រើប្រាស់ទឹកអស់មួយរថយន្តទើបរលត់ទាំងស្រុង ៕