ភ្នំពេញ, មកទល់នឹងព្រលប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់អំណោយជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ នៃទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលសរុបថវិកាចំនួន ៣៥០,០០០ ដុល្លារសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា, អំណោយរបស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ព្រមទាំងសមាគមមិត្តភាព កម្ពុជា-វៀតណាម ដែលផ្តល់ជូនដល់ប្រទេសវៀតណាម បានកើនឡើងដល់ ៣៥ម៉ឺនដុល្លារអាមេរិក, ម៉ាសធម្មតាជាង១លានបន្ទះ និងម៉ាស N95 ១សែនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសនេះដែលកំពុងរងការវាយលុក។
សូមជម្រាបថា, អំណោយឧបត្ថម្ភរួមមានពី ;
ទី១៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង។
ទី២៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។
និងទី៣៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។
សូមជម្រាបជូនថា, អាជ្ញាធរវៀតណាម នៅព្រឹកថ្ងៃសៅរ៍នេះ! ប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ជាងពីរពាន់នាក់បន្ថែមទៀត ដែលជាចំនួនដ៏ច្រើនបំផុត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការបិទច្រកព្រំដែនកម្ពុជា- វៀតណាម ជាបណ្ដោះអាសន្នរយៈពេល ១ខែផងដែរ ដើម្បីការពារ ការរាលដាលជំងឺកូវីដ-១៩ ។ លើកលែងករណីមន្ត្រីការទូត សិក្ខាកាម និស្សិត ដែលបានត្រឡប់មកកាន់មាតុប្រទេសវិញ ឬត្រូវមានភារកិច្ចទៅបំពេញបេសកកម្មប្រទេសវៀតណាមនោះ៕
ដោយ, សុខ ខេមរា