រដ្ឋបាលរាជធានីភ្នំពេញ៖ ការជីកស្តារប្រឡាយនៅភូមិម័ល សម្រេចបាន៨០ភាគរយហើយ គ្រោងរួចរាល់ក្នុងខែសីហា បើទោះបីជួបការលំបាកច្រើនក្តី

ចែករំលែក៖

ភ្នំពេញ៖ ការជីកស្តារប្រឡាយម័លនៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានប្រវែងជិត៣គីឡូម៉ែត្រនោះ មកដល់ពេលនេះ សម្រេចបានប្រមាណ៨០ភាគរយហើយ ដែលគ្រោងរួចរាល់នៅខែសីហាបើទោះបីជួបការលំបាកមួយចំនួន ពិសេសមិនមានផ្លូវសងខាងសម្រាប់ដាក់គ្រឿងចក្រចូលជីក ស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើននិងអាជ្ញាធរខណ្ឌដង្កោមិនជួយសហការក្តី។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ក្រោមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័ល ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានប្រវែង ២៨១៥ម៉ែត្រ និងទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ហើយបើគិតមកដល់ថ្ងៃទី១៩ ខែកក្កដានេះ ការងារស្តារប្រឡាយម័លសម្រេចបាន ៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១ខាងមុខនេះ ដើម្បីរំដោះការលិចលង់ ភូមិឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។
លោក ម៉ៅ ប៊ុនធឿន បានបន្តថា៖ ការជីកស្តារប្រឡាយម័លនៅពេលនេះ គឺពិតជាមានការលំបាកខ្លាំង ដោយសារតែ មិនមានផ្លូវសងខាងសម្រាប់ដាក់គ្រឿងចក្រចូលជីក ស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើន និងអាជ្ញាធរខណ្ឌដង្កោមិនជួយសហការជាមួយក្រុមការងារ។ លោកស្នើសុំឱ្យអាជ្ញាធរខណ្ឌដង្កោជួយសហការក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យការងារនេះបានហើយរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក។
លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ប្រឡាយម័លនេះពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌមានជ័យ ។
សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាននិងកំពុងរីករាលដាលនៃជំងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែសកម្មភាពស្តារនិងអភិវឌ្ឍមូលដ្ឋានរាជធានីនៅតែបន្តដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀតបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print