ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបេីកលឿនជ្រុលបានទៅបុកពីក្រោយរថយន្តហាយឡេនឌ័រដែលកំពុងឈប់ចតស្ងៀម រុញទៅផ្ទប់នឹងរថយន្តហ្វដមួយគ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥៥នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវចោមចៅ(វេងស្រេង) ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញ រថយន្តហាយឡេនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AA-3931 ដែលម្ចាស់ទើបតែទិញបានជាង១០ថ្ងៃ(តាមការបញ្ជាក់ពីម្ចាស់) បានបើកតាមផ្លូវចោមចៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបានឈប់ចតស្ងៀមដើម្បីឲ្យរថយន្តម៉ាកហ្វដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-8413 ដែលកំពុងបើកស្របទិសនៅពីខាងមុខ ហើយកំពុងបត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយ ប៉ុន្តស្របពេលនោះស្រាប់តែមានរថយន្តបង្កហេតុ ប្រភេទកុងតឺន័រ ម៉ាកនីស្សាន់ ពណ៌បៃតង លាយស្លែ ពាក់ស្លាកលេខ ភ្នំពេញ 3C-6315 របស់ក្រុមហ៊ុនតេង ឡាយ បើកយ៉ាងល្បឿនលឿនពីលិចទៅកើត ជាន់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុកពីក្រោយរថយន្តហាយឡេនឌ័រ រុញផ្ទប់ទៅនឹងរថយន្តហ្វដ បណ្តាលឲ្យរថយន្តហាយឡេនឌ័ររងខូចខាតធ្ងន់ខ្ទេចទាំងមុខនិងក្រោយ តែពុំមានអ្នកណារងរបួសឡើយ ។
បើតាមសម្តីអ្នកបើកបររថយន្តកុងតឺន័របានឲ្យដឹងថា រថយន្តរបស់គាត់ហ្វ្រ័ងផ្នែកខាងរុឺម៉កក្រោយជាន់មិនសុីទេ ទើបជួបបញ្ហាបែបនេះ ។
ក្រោយកើតហេតុ ខណៈដែលរថយន្តទាំង៣គ្រឿងកំពុងជួបបញ្ហានៅលើដងផ្លូវ គឺបណ្តាលឲ្យកកស្ទះចរាចរណ៍រហូតដល់កម្លាំងនគរបាលចុះទៅធ្វើអន្តរាគមន៍យករថយន្តទាំងអស់ក្នុងហេតុការណ៍ទៅដាក់អៀបកៀន ដើម្បីទុកឱកាសឲ្យភាគីទាំងអស់និយាយគ្នាមួយជំហានសិនទៅតាមសំណើរបស់ភាគីរថយន្តកុងតឺន័រ តែបើក្នុងករណីមិនត្រូវគ្នា សមត្ថកិច្ចនឹងប្រគល់ជូនការិយាល័យចរាចរណ៍ជើងគោក កសាងឯកសារតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុខាសែនជ័យ