ខេត្តកំពង់ធំ, លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះបញ្ជាក់អំពីនិមិត្តសញ្ញាខេត្តកំពង់ធំឆ្លាក់ក្បាច់គំនូរចម្លាក់រាក់បង្ហាញពីសមិទិ្ធផលថ្មី នាសម័យតេជោសន្តិភាព។
លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ,និមិត្តសញ្ញាខេត្តកំពង់ធំ កសាងឡើងពីថ្មភក់មួយដុំ កំពស់បួនម៉ែត្រ តម្កល់លើជើងទម្រថ្មភក់មួយដុំដែលមានឆ្លាក់ក្បាច់គំនូរចម្លាក់រាក់បង្ហាញពីសមិទិ្ធផលថ្មីលើទឹកដីខេត្តកំពង់ធំ នាសម័យតេជោសន្តិភាព។
លោកបន្តថា, និមិត្តសញ្ញានេះបានដាក់នៅលើទីតាំងសួនសម្តេចតេជោហ៊ុនសែន នាមាត់ស្ទឹងសែន។ នៅក្នុងនិមិត្តសញ្ញានេះរួមមាន៖
-ប្រាសាទយាយព័ន្ធ៖តំណាងឱ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក នាទឹកដីខេត្តកំពង់ធំ និងតំណាងឱ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា
-រូបបដិមាតោ៖តំណាងឱ្យភាពអស្ចារ្យនៃសិល្ប:ខ្មែរនាចុងសម័យចេនឡាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឱ្យអំណាច អានុភាពខ្លាំងក្លា។
-រូបដំរីជាន់ខ្លា៖តំណាងឱ្យរូបសំណាកដែលមាននៅខេត្តកំពង់ធំ តាំងពីអំឡុងសតវត្សទី៦០ ហើយឆ្លុះបញ្ចាំងពីតថភាពធនធានធម្មជាតិនៃខេត្តកំពង់ធំ។
-កួរស្រូវ៖តំណាងឱ្យភាពសម្បូរសប្បាយ និងភាព រុងរឿងនៃវិស័យកសិកម្ម ពិសេសគឺភោគផលនៃដំណាំស្រូវ
-ដើមឈើ៖តំណាងឱ្យភាពរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសំបូរដោយដីមានជីជាតិ អំណោយផលដល់ដំណាំកសិកម្មនិងកសិឧស្សាហកម្ម៕
ដោយ, សិលា