គិតត្រឹមម៉ោង១៩និង៣០នាទីយប់ថ្ងៃទី ២០ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៤.៧៩៥នាក់ក្នុងរយៈពេល២៤ម៉ោង។ ទីក្រុងហូជីមិញនៅតែជាតំបន់មានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេដដែល គឺមានដល់ទៅ ៣.៣២២នាក់ ។ ជាមួយគ្នានេះដែរក៏មានអ្នកជំងឺ ៣៩៦នាក់បានជាសះស្បើយក្នុងមួយថ្ងៃ។
ក្នុងចំណោមអ្នកឆ្លងថ្មី នៅថ្ងៃទី ២០ខែកក្កដានេះ មានករណីនាំចូលពីក្រៅប្រទេស៦នាក់ និងឆ្លងក្នុងសហគមន៍៤.៧៨៩នាក់។ ខេត្តក្រុងមានករណីឆ្លងច្រើនជាងគេគឺទីក្រុងហូជីមិញ មាន៣.៣២២នាក់ ខេត្តប៊ិញយឿង៥៧៨នាក់ ខេត្តដុងណាយ១៦២នាក់ ខេត្តទៀងយ៉ាង១៣៣នាក់ ក្រៅពីនេះគឺមានករណីឆ្លងក្រោម ១០០នាក់នៅក្នុងខេត្តក្រុងជាច្រើនទៀត ។
ក្នុងពេលនេះដែរប្រទេសក្នុងតំបន់ អាស៊ាន កំពុងតែខិតខំធ្វើសង្គ្រាមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta។ តំបន់អាស៊ានបានក្លាយទៅជាតំបន់មានករណីឆ្លងខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះកូវីដ-១៩ មកទល់ពេលនេះ។
តាមគេហទំព័រworldmeters.info គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឥណ្ឌូនេស៊ី ហ្វីុលីពីន ម៉ាឡេស៊ី ស្ថិតនៅក្នុងចំណោម៣៥ប្រទេសដែលមានអ្នកស្លាប់ដោយកូវីដ-១៩ខ្ពស់បំផុតលើពិភពលោក ។ នៅថ្ងៃទី ១៩ខែកក្កដា សរុបអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសតំបន់អាស៊ានទាំង ១០ប្រទេស កើនឡើងជាង 6.127.000នាក់ និងស្លាប់ 116.800 នាក់។ ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតលើពិភពលោក ដោយមានថ្ងៃខ្លះឆ្លងលើសពី៥ម៉ឺននាក់៕ដោយ៖ធីរីណា
រូបថត៖THX/TTXVN