ភ្នំពេញ, ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ វីតាមីនបំប៉នសុខភាព ស្តង់ដាជប៉ុន កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព GH Creation EX និង Height Extortion EX គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញ លើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ វីតាមីនបំប៉នសុខភាព ស្ដង់ដាជប៉ុន កំពុង ផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព GH Creation EX និង Height Extention EX គ្មានលេខបញ្ជិកា និងគ្មាន ច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រុសួងសុខាភិបាលឡើយ គិតត្រឹមថ្ងៃទី ២៨ ខែមិថុនាឆ្នាំ២០២១។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខ ទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពី ក្រសួងសុខាភិបាល ហើយតម្រូវឱ្យលក់តែនៅក្នុងឱសថស្ថាន ឱសថស្ថានរង ស្របច្បាប់តែប៉ុណ្ណោះ ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលបំប៉នសុខភាព គ្មាន លេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលទាំងនេះគ្មានប្រភព ច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្តិភាពឡើយ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើដែលផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព GH Creation EX និង Height Extention EX ទៅតាមច្បាប់ស្តី ពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាងនៃក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៣៥៥ ១៦១,០១១៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៩២ ០២២ , ០១២ ៥៦២ ៤៤៦ ៕
ដោយ, សុខ ខេមរា