ភ្នំពេញ, លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, វ៉ាក់សាំងស៉ីណូហ្វាម ដែលដឹកមកដល់កម្ពុជាព្រឹកថ្ងៃនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល ហើយលោកស្រីថា, វ៉ាក់សាំងស៊ីណូហ្វាម របស់ចិន ចំនួន ១លានដូសបន្ថែមទៀត នឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។
តាមរយៈផែនការយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា, មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុប ១៦លានដូសហើយ។ ក្នុងនោះប្រមាណ ១៥លាន ៧សែនដូស ជាវ៉ាក់សាំងដែលជាជំនួយ និងទិញមកពីប្រទេសចិន។
នៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំង ៤លានដូសទៀត ក៏នឹងដឹកពីចិន មកដល់កម្ពុជាផងដែរ។ វ៉ាក់សាំង ដែលកម្ពុជាទទួលបាន គឺជាការសម្រេចផែនការរបស់កម្ពុជា ដែលរកវ៉ាក់សាំងឱ្យបាន ២០លានដូស ដេីម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់។
វ៉ាក់សាំង ជាវិធីសាស្ត្រដ៏ចាំបាច់ និងសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕
ដោយ, សិលា