ប្រទេសឡាវ, ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានជូនដំណឹងថា រដ្ឋាភិបាលឡាវបានបន្តអនុវត្តវិធានការបិទខ្ទប់ប្រទេស ១៥ថ្ងៃ បន្ថែមទៀត ដើម្បីការពារជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបន្ធូរបន្ថយវិធានការមួយចំនួន ដូចមានខ្លឹមសារខាងក្រោម÷
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ដែលកំពុងរស់នៅប្រកបអាជីវកម្ម ធ្វើការងារ និងសិក្សានៅប្រទេសឡាវបានជ្រាបថា ស្ថានភាពជំងឺកូវីដ-១៩ នៅរដ្ឋធានីវៀងចន្ទន៍បានថយចុះជាលំដាប់ ដោយឡែកនៅតាមបណ្តាខេត្តមួយចំនួននៅតែបន្តរកឃើញការឆ្លងក្នុងសហគមន៍ រដ្ឋាភិបាលឡាវបានបន្ត អនុវត្តន៍វិធានការគ្រប់គ្រង ការពារ ការរាលដាលជំងឺកូវីដ-១៩ បន្ថែម ១៥ថ្ងៃទៀត ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបន្ធូរបន្ថយវិធានការមួយចំនួន ដូចមានខ្លឹមសារខាងក្រោម៖
ក. វិធានការបន្តហាមឃាត់៖
– កន្លែងផឹកស៊ី កាស៊ីណូ ការ៉ាអូខេ ក្លឹបកម្សាន្ត ល្បែងគ្រប់ប្រភេទ រោងភាពយន្ត ហាមជួបជុំកុះករ ពលរដ្ឋដែលមិនទាន់ទទួលវ៉ាក់សាំងកូវីដ-១៩ មិនអាចធ្វើដំណើរតាមរថយន្ត និងយន្តហោះបានទេ។
– បាល់ទាត់ដែលមានលក្ខណៈទ្រង់ទ្រាយធំ ក្លឹបកីឡាប្រដាល់នៅតាមបណ្តាខេត្តដែលមានការរាលដាលក្នុងសហគមន៍។
ខ.វិធានការអនុញ្ញាតឲ្យបើកដំណើរការ៖
– ផ្សារទំនើប ផ្សារលក់ដុំ-លក់រាយ ផ្សាររាត្រី ផ្សារលក់ម្ហូបអាហារ កន្លែងដើរហាត់ប្រាណ នេសាទ ភោជនីយដ្ឋាន ហាងកាហ្វេ រមណីយដ្ឋានទេសចរណ៍ ហាងកាត់សក់ និងហាងកែសម្ផស្ស។
– រៀបចំកិច្ចប្រជុំក្រៅតំបន់ក្រហមមិនឲ្យមានអ្នកចូលរួមច្រើន បើកសាលារៀនគ្រប់កម្រិតសិក្សានៅរដ្ឋធានីវៀងចន្ទន៍ និងបណ្តាខេត្តដែលពុំមានហានិភ័យនៃការឆ្លងខ្ពស់។
– ក្លឹបកីឡាគ្រប់ប្រភេទ កន្លែងម៉ាស្សា(ទទួលសេវាកម្មតែបុគ្គលណាដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ គ្រប់ពីរដូស និងបើកត្រឹមម៉ោង០៨យប់) នៅរដ្ឋធានីវៀងចន្ទន៍ និងបណ្តាខេត្តដែលពុំមានហានិភ័យ នៃការឆ្លងខ្ពស់ មិនអនុញ្ញាតឲ្យលក់គ្រឿងស្រវឹង។
សូមបងប្អូនប្រជាពលរដ្ឋ ពលករ និស្សិតខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមអនុវត្តន៍តាមសេចក្ដីណែនាំរបស់រដ្ឋាភិបាលឡាវ និងត្រូវបន្តរក្សាអនាម័យឱ្យបានល្អ ដោយអនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាល កម្ពុជា ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ឱ្យមានប្រសិទ្ធភាព៕
ដោយ, សុខ ខេមរា