ផែនការត្រៀមបើករដូវកាលថ្មីនារដូវក្តៅនេះកំពុងចាប់ផ្តើមលេចចេញជារូបរាងសម្រាប់ក្រុម Barcelona ដែលនឹងឡើងទៅជួបក្រុម Red Bull Salzburg នៅឯទីលាន Red Bull Arena នាថ្ងៃព្រហស្បតិ៍ទី៤ ខែសីហាខាងមុខ។
សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា មុនការប្រកួតនៅប្រទេសអូទ្រីសក្រុមរបស់លោក Ronald Koeman បានប្រកួតជាមួយក្រុម Gimnàstic Tarragona កាលពីថ្ងៃពុធទី២១ ខែកក្កដា(លទ្ធផលBarcelonaឈ្នះ៤ទល់០), ត្រូវជួប Girona (ថ្ងៃសៅរ៍ទី ២៤ ខែកក្កដា) និងជួប Stuttgart (ថ្ងៃសៅរ៍ទី ៣១ ខែកក្កដា) ។
ការប្រកួតរបស់ Barcelona ទល់នឹង Girona នឹងប្រព្រឹត្តទៅនៅតំបន់ Catalonia មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Baden-Wurttemberg ប្រទេសអាល្លឺម៉ង់ដែលពួកគេនឹងស្នាក់នៅចន្លោះថ្ងៃទី២៨ ខែកក្កដានិងថ្ងៃទី៣ ខែសីហា។ ពីទីនោះក្រុម Barcelona នឹងធ្វើដំណើរទៅទឹកដីSalzburg ដើម្បីប្រកួតជាមួយក្រុម Red Bull Salzburg នៅថ្ងៃទី៤ ខែសីហា។
បន្ទាប់ពីការប្រកួតមិត្តភាពមុនរដូវកាលចំនួន៤ប្រកួតនេះក្រុមរបស់លោកKoeman នឹងវិលត្រឡប់ទៅកាន់ទីក្រុងបាសេឡូណាដើម្បីបន្តការរៀបចំខ្លួននៅមុនរដូវកាល La Liga ឆ្នាំ២០២១–២០២២ ។
គួររំលឹកថា ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុម Barcelona នឹងក្រុម Gimnàstic Tarragona កាលពីរាត្រីថ្ងៃពុធ គឺក្រុមខ្លាំងរបស់អេស្ប៉ាញនេះដាក់ឲ្យលេងភាគច្រើនសុទ្ធតែយុវជន ដោយបានយកឈ្នះក្រុមភ្ញៀវ Gimnàstic Tarragona ក្នុងលទ្ធផល៤ទល់០។ ៤គ្រាប់នេះរកបានដោយកីឡាករវ័យក្មេង Manaj ៣គ្រាប់ម្នាក់ឯង និង១គ្រាប់ទៀតរកបានដោយកីឡាករ Álex Collado ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)