ក្រសួងបរិស្ថានបញ្ជាក់ថា,កម្ពុជាបន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗនៅលើពិភពលោកដែលមានវត្តមាននៅតំបន់ការពារធម្មជាតិរបស់ខ្លួន !(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២២ខែកក្កដាឆ្នាំ ២០២១ ក្រសួងបរិស្ថានបញ្ជាក់ថា,កម្ពុជាបន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗនៅលើពិភពលោកដែលមានវត្តមាននៅតំបន់ការពារធម្មជាតិរបស់ខ្លួន ! គឺសត្វ ជ្រូកពោនឬជ្រូកព្រុលដែលជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រ។

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងបរិស្ថានបានបញ្ជាក់ថា, 

1.  កម្ពុជាបន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗនៅលើពិភពលោកដែលមានវត្តមាននៅតំបន់ការពារធម្មជាតិរបស់ខ្លួន។ ជ្រូកពោនឬជ្រូកព្រុលដែលជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រស្ថិតក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយ ប្រភេទសត្វកម្រៗផ្សេងទៀតដូចជាសត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពកជាដើម។ កម្ពុជាដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសដែលសម្បូណ៌ដោយជីវៈចម្រុះក្នុងនោះ សរុបប្រមាណ ៣៩៩៣ ប្រភេទដែលរួមានមានរុក្ខជាតិប្រមាណ ២ ៣០០ប្រភេទ និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ប្រភេទ, សត្វស្លាបប្រមាណ, ៥៤៥ប្រភេទ ឧរង្គសត្វ, ៨៨ប្រភេទ, ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ។ ចំនួននេះអាចកើនឡើងបន្ថែមទៀតដោយសារតែនៅមានជីវៈចម្រុះជាច្រើនទៀតដែលមិនទាន់បានសិក្សាអស់នៅឡើយ។  

2.  រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថាក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញវត្តមាននៃប្រភេទជ្រូកពោន ឬជ្រូកព្រុល នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិគឺជាមោទកភាពរបស់កម្ពុជានិងស័ក្តិសម ដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូណ៌ដោយធនធានជីវៈចម្រុះ។ លោកបានថ្លែងថា ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ ដើម្បីគិតគូរ និងរៀបចំផែនការសកម្មភាពផ្សេងៗបន្ថែមទៀត ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន ហើយបច្ចុប្បន្ននេះ ស្ថានភាពនៃការការពារនិង អភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ព្រៃឈើនិងសត្វព្រៃត្រូវបានការពារ។ សត្វព្រៃកម្រៗ មួយចំនួនបន្តមានវត្តមាន និងខ្លះទៀតមានស្ថេភាព និងខ្លះមានការកើនឡើង និងខ្លះទៀតនៅតែបន្តថយចុះនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។   

3.  យោងតាមការសិក្សារបស់អ្នកជំនាញ ជ្រូកពោនមានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១០៤០ម.ម ទម្ងន់ពី៧-១៤ គីឡូក្រាម កន្ទុយមានប្រវែងចន្លោះពី ១២០-១៧០ម.ម ជើងក្រោយ ១១៥-១៣៤ម.ម។ វាជាសត្វដែលមានមាឌធំ ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងទ្រវែងដូចសត្វជ្រូក។ ជាទូទៅវាមានសម្បុរលឿងខ្ចី ប្រផេះ ឬខ្មៅ ដែលប្រែប្រួលទៅតាមរដូវកាល ផ្នែកលើខ្នងមានពណ៌ក្រម៉ៅជាងផ្នែកខាងក្រោម។ នៅលើក្បាលមានឆ្នូតពណ៌ចេញពីត្រចៀកកាត់តាមភ្នែក្រហូតដល់ចុងច្រមុះ និងមានឆ្នូតខ្មៅនៅសង្ខាងភ្នែកដល់ត្រចៀក បន្ទាប់មកមានឆ្នូតសកាត់តាមថ្ពាល់ផ្នែកខាងលើ។ ទ្រូងនិងត្រចៀកមានពណ៌ស។ លក្ខណៈជីវសាស្ត្រ៖ ជ្រូកពោនជាសត្វរស់នៅតែនៅលើដី តាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ សត្វជ្រូកពោនមិនសូវពូកែភ្នែក និងត្រចៀកទេ វាប្រើច្រមុះហិតក្លិនច្រើនជាង។ ការរកចំណី ចាប់ផ្តើមចេះនៅពេលព្រលប់ដែលអាហាររបស់វាគឺមើមរុក្ខជាតិ ឬសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។ វាអាចមានកូនពី ២ ទៅ៣ក្បាល។

4.  រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា មិនមានការសិក្សាឱ្យបានលម្អិតពីចំនួនសត្វជ្រូកពោន នៅលើពិភពលោកនិងនៅកម្ពុជានោះទេ តែអ្វីដែលកត់សម្គាល់ជ្រូកពោនមាននៅតាមតំបន់ព្រៃ ធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឥសាន និងភាគខាងជើងប្រទេសកម្ពុជា។ របាយប្រជាសាស្ត្ររបស់សត្វជ្រូកពោនក៏មានផងដែរនៅប្រទេសចិន កម្ពុជា ភូមា វៀតណាម និងកោះស៊ូមាត្រាប្រទេសឥណ្ឌូនេស៊ី។ លោក នេត្រ ភក្ត្រា បានថ្លែងថា ជ្រូកពោនបច្ចុប្បន្នកំពុងរងគ្រោះដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ដើម្បីយកសាច់និងយកសំណាកធ្វើអាជីវកម្មដោយ សារតែពលរដ្ឋមួយចំនួនមានជឿថាខ្លាញ់ជ្រូកពោនអាចយកទៅធ្វើថ្នាំបុរាណជាដើម។

5.គួរបញ្ជាក់ថា កាលពីដើមខែមិថុនា ឆ្នាំ២០២១ ក្រុមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានជួយសង្គ្រោះសត្វជ្រូកពោនឬជ្រូកព្រុលមួយក្បាល។ វាត្រូវបានជាប់នៅក្នុងអន្ទាក់ ប៉ុន្តែសំណាងល្អដែលមន្ត្រីឧទ្យានុរក្សឃើញទាន់ពេលហើយក៏បានដោះអន្ទាក់ចេញដើម្បីឱ្យវាមានសេរីភាពវិញ។ សត្វជ្រូកព្រុលមួយក្បាលនេះមិនមានរងរបួសអ្វីទេ ដូចនេះវាក៏ត្រូវបានដោះលែងអោយត្រលប់ចូលទៅក្នុងព្រៃវិញ។ សត្វព្រៃនេះពិតជាមានសំណាង។ កាលពីខែមុន មន្ត្រីឧទ្យានុរក្សបានធ្វើការដកហូតសាច់ជ្រូកព្រុលមួយចំនួនពីជំរុំបរបាញ់មួយកន្លែងក្នុងតំបន់ជួរភ្នំក្រវាញ។ សត្វប្រភេទនេះងាយនឹងរងគ្រោះខ្លាំងណាស់ ហើយវាក៏បានទទួលរងការគំរាមកំហែងដោយការបរបាញ់ផងដែរ ជាពិសេសគឺអន្ទាក់ដែលអាចចាប់គ្រប់ប្រភេទទាំងអស់ដែលបានឆ្លងកាត់។

6.លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថាកករសួងបរិស្ថានបានសហការយ៉ាងរមួតជាមួយអង្គការដៃគូដែលមានជំនាញខាងអភិរក្សដើម្បី អភិរក្សព្រៃឈើនិងសត្វព្រៃទាំងការពង្រឹងការអនុវត្តច្បាប់និងអនុវត្តគម្រោងអភិរក្សនានា។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សបានបន្តសកម្មភាពដោអអន្ទាក់គ្រប់ប្រភេទ ចេញពីក្នុងតំបន់ការពារធម្មជាតិដើម្បីសង្គ្រោះសត្វព្រៃ គ្រប់ប្រភេទ។ ក្នុងរយៈពេល ៦ខែនៃឆ្នាំ ២០២១នេះ មន្ត្រីឧទ្យានុរក្សបានដោះអន្ទាក់បានចំនួនជិត ២ម៉ឺនអន្ទាក់ពីក្នុង តំបន់ការពារធម្មជាតិ។ មន្ត្រីឧទ្យានុរក្សនិងដៃគូនឹងបន្តកិច្ច ខិតខំប្រឹងប្រែងរបស់ខ្លួនបន្តទៀតក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដែលជាទីជម្រកដ៏សំខាន់របស់សត្វព្រៃ និងការដោះអន្ទាក់ដើម្បីសុវត្ថិភាពសត្វព្រៃ។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឲ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់៕

https://youtu.be/-6aVqlH4XU0

               

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print