រថយន្តបាឡែនមួយគ្រឿងពាក់ព័ន្ធនឹងការដឹកឈើខុសច្បាប់ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបង្ក្រាបបាន

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តកាមរីបាឡែនមួយគ្រឿងដឹកឈើបម្រុងឆ្លងដែនទៅប្រទេសវៀតណាមហើយកំពុងតែឈប់អែបលាក់នៅក្បែព្រៃនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវចុះបង្ក្រាបយកមកប្រគល់ឱ្យជំនាញចាត់ការបន្ត។
ការបង្ក្រាបចាប់រថយន្តកាមរីបាឡែនដឹកឈើនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង១៥ៈ០០នាទីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ការបង្រ្កាបនោះសមត្ថកិច្ចបានចុះស្រាវជ្រាវរុករកឃើញរថយន្តដែលប្រព្រឹត្តបទល្មើសមួយគ្រឿងនោះត្រូវបានជនសង្ស័យយកមកលាក់ទុកនៅចំណុចភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ហើយម្ចាស់ឈើបានរត់គេចខ្លួនបាត់ភ្លាមៗដែរ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា រថយន្តខាងលើនេះ គឺមានការជាប់ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតនៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៧ៈ៣០នាទីនៅចំណុចភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវខេត្តរតនគិរី។

ក្រោយបង្ក្រាបបានវត្ថុតាងរថយន្តមួយគ្រឿងនោះសមត្ថកិច្ចកងរាជអាវុធហត្ថក៏បានប្រគល់ឱ្យទៅជំនាញផ្នែករដ្ឋបាលព្រៃឈើបរកែវចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើផងដែរ៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print