ខេត្តកណ្តាល៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក មន្ត្រីរាជការ នាំយកនូវទេយ្យទាន បច្ច័យ ទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ក្នុងក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកកោះធំ ដែលពិធីនេះប្រារព្ធធ្វើនៅវេឡុការាម ហៅវត្តព្រែកឬស្សី ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។
មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ ព្រះសង្ឃ លោក ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។
លោកបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។
ក្នុងឱកាសនោះដែរ លោកប្រធានក្រុមប្រឹក្សាខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួន ក្នុងការការពារខ្លួន ពីជំងឺកូវីដ-១៩នោះឡើយ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍យើង ពិសេសត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ៕
ដោយ, សិលា