តារាសម្តែងថ្មី ពេជ្រ ម៉ូលីកា មានមុខមាត់ស្រដៀងគ្នានឹងអតីតតារាសម្តែង ដាញ់ ម៉ូនីកា

ចែករំលែក៖

ភ្នំពេញ៖ បង្កើតឲ្យមានការចាប់អារម្មណ៍ក្រោយពីសិល្បការិនីថ្មីម្នាក់មានឈ្មោះថា ពេជ្រ ម៉ូលីកា ដែលនាងត្រូវបានទស្សនិកជនជាច្រើនបានលើកឡើងថា រូបសម្រស់ សម្បុរ ពិសេសទម្រង់មុខមានភាពស្រដៀងគ្នាទៅនឹងតារាសម្តែងល្បីឈ្មោះអ្នកនាង ដាញ់ ម៉ូនីកានោះ។
គេចាំបានដែរថា តារាសម្តែង ដាញ់ ម៉ូនីកា បានបោះបង់ការងារសិល្បៈអស់រយៈពេលជាង១ទសវត្សរ៍មកហើយបន្ទាប់ពីនាងចេញទៅរស់នៅជាមួយស្វាមីនៅលើទឹកដីនៃប្រទេសអូស្ត្រាលី និងមានកូនប្រុសស្រីក្នុងបន្ទុក។ នាងធ្លាប់មានឈ្មោះល្បីសុសសាយក្នុងស្រទាប់មហាជនក្រោយពីនាងបានសាងស្នាដៃសម្តែងក្នុងខ្សែភាពយន្តល្បីល្បាញជាច្រើនមានដូចជារឿង«ទុំទាវ» រឿង «ពស់កេងកង»ជាដើម។ មានការចាប់អារម្មណ៍ថា តារាសម្តែងម្នាក់នេះមានមុខមាត់ស្រដៀងគ្នានឹងតារាស្រីល្បីឈ្មោះខាងលើ។
ពេជ្រ ម៉ូនីកា មានវ័យ១៧ឆ្នាំ និងទើបតែចូលប្រឡូកក្នុងអាជីពសិល្បៈក្នុងរយៈពេលថ្មីៗនេះតែប៉ុណ្ណោះ ប៉ុន្តែនាងទទួលបានឱកាសថតខ្សែភាពយន្តមួយចំនួនទាំងខ្សែភាពយន្តភាគ និងខ្សែភាពយន្តខ្លីជាដើម។ នាងថា ការប្រឡូកក្នុងអាជីពសិល្បៈព្រោះតែស្រលាញ់ ហើយនាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលមានទស្សនិកជន និងផលិតករមួយចំនួនលើកឡើងថានាងមានទម្រង់មុខមាត់ស្រដៀងគ្នានឹងតារាសម្តែង ដាញ់ ម៉ូនីកា នោះ។ ទោះជាយ៉ាងណា ពេលនេះនាងទើបតែប្រឡូកលើការងារសម្តែងក្នុងរយៈពេលខ្លី ហើយទទួលបានឱកាសសម្តែងខ្លះៗនៅមិនទាន់ទទួលបានតំណែងធំណាមួយនៅឡើយ ។ នាងក៏កំពុងតែហ្វឹកហាត់បន្ថែមលើការងារផ្នែកសម្តែងនេះបន្ត ដោយសង្ឃឹមថា នឹងទទួលបានឱកាសកាន់តែច្រើនពីផលិតករ បើទោះបីជាមិនបានភាពល្បីល្បាញដូចតារារៀមច្បង ដាញ់ ម៉ូនីកា ក៏ដោយ។ នាងថា បច្ចុប្បន្ននាងកំពុងតែថតខ្សែភាពយន្តភាគមួយដែលផលិតដោយផលិតកម្មLD Picture និងនៅមានភាពយន្តខ្លះទៀតនឹងបន្តចេញថតនៅពេលខាងមុខនេះ ហើយនាងពិតជាអរគុណចំពោះផលិតករដែលបានផ្តល់ឱកាសសម្រាប់នាងកន្លងមកនិងពេលនេះ ហើយនឹងបន្តហ្វឹកហាត់ផ្នែកសម្តែងនេះឲ្យកាន់តែល្អដើម្បីទីផ្សារការងារសិល្បៈនេះផងដែរ ហើយប្រសិនបើអាចនាងមានក្តីស្រមៃមួយគឺក្លាយជាតារាសម្តែងល្បីឈ្មោះដូចតារារៀមច្បងដាញ់ ម៉ូនីកាដែរ៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print