រុស្ស៊ីបានបញ្ជូនជំនួយទៅកាន់ប្រទេសគុយបា ក្នុងនោះមានម៉ាស់ ស្បៀងអាហារ បរិក្ខារពេទ្យ…។ នៅសប្តាហ៍នេះគុយបាមានករណីឆ្លងកូវឺដ-១៩កើនឡើងខ្ពស់ជាងគេបំផុតនៅតំបន់អាមេរិកឡាទីន។
នៅថ្ងៃទី ២៤ខែកក្កដា យន្តហោះយោធារុស្ស៊ីពីរគ្រឿងបានដឹកជំនួយដល់ទៅ៨៨តោនរួមមានអាហារ ម៉ាស់ និងសម្ភារប្រើប្រាស់ចាំបាច់ ។ យន្តហោះយោធារុស្ស៊ីបានហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុងមូស្គូនាថ្ងៃទី២៤ខែកក្កដាទៅកាន់ប្រទេសគុយបា។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា «ក្រោមបទបញ្ជារបស់ប្រធានាធិបតី ពូទីន យន្តហោះដឹកជញ្ជូនយោធាបានដឹកជំនួយមនុស្សធម៌ទៅជួយដល់ប្រទេសគុយបា»។ សកម្មភាពខាងលើរបស់រុស្ស៊ី ក្នុងការផ្តល់ជំនួយដល់គុយបា គឺជាការផ្ញើសារទៅកាន់អាមេរិក ។ ដោយប្រទេសគុយបារងការដាក់ទណ្ឌកម្មជាច្រើនទសវត្សរ៍កន្លងមកពីអាមេរិក។
រដ្ឋាភិបាលគុយបាបញ្ជាក់ថា សកម្មភាពបង្កអសន្តិសុខក្នុងសង្គមមានបាតុកម្មជាដើមគឺមានសកម្មភាពញុះញង់ពីខាងក្រៅ ក្នុងគោលដៅបង្កផលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងប្រទេសគុយបា។
កាលពីថ្ងៃទី២២ខែកក្កដា ប្រទេសម៉ិចស៊ីកូ ក៏បានប្រកាសថានឹងបញ្ជូននាវាទាហានជើងទឹកពីរគ្រឿងដឹកជញ្ជូនបរិក្ខារសុខាភិបាល មានបំពង់អុកស៊ីហ្សែន ម៉ាស់ ត្រីខកំប៉ុងទឹកដោះគោ ម្សៅមី ប្រេងឆា …ទៅជួយដល់ប្រទេសគុយបា។
ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសគុយបាបានកើនឡើងខ្ពស់ដោយសារតែមានបាតុកម្មកើតឡើង នៅក្នុងប្រទេសនេះនាពេលកន្លងមក ។សរុបអ្នកឆ្លងកូវីដ-១៩ក្នុងប្រទេសគុយបាមានដល់ទៅជាង ៣២៤ពាន់នាក់ និងស្លាប់ ២.២៧១នាក់៕ដោយ៖ធីរីណា
រូបថត៖Reuters.