ការឆ្លងកូវីដ ១៩ នៅអាមេរិកកើនឡើងខ្ពស់ ដោយសារតែវីរុសបម្លែងខ្លួនថ្មី បើទោះបីអាមេរិកមានករណីចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនក្តី។ ការឆ្លងកើនឡើងខ្ពស់គឺលើសពីអ្វីដែលសេតវិមានបានគិតគូ។
ក្រោយរយៈពេល ជាច្រើនខែ មានករណីឆ្លងកូវីដ ១៩ ថយចុះ ប៉ុន្តែនៅពេលនេះមានករណីកើនឡើងខ្ពស់ ជាថ្មីឡើងវិញ ដោយមានអ្នកឆ្លងថ្មីដល់ទៅ៦ម៉ឺននាក់ក្នុងមួយថ្ងៃ ។ សារព័ត៌មាន TASS របស់រុស្ស៊ីបានព្យាករណ៍ថា អាមេរិកកំពុងតែស្ថិតនៅក្នុងដំណាក់កាលឆ្លងលើកទី៤។
តាមសារព័ត៌មាន TASS បានផ្សាយថា ករណីឆ្លងកូវីដ ១៩ ថ្មីនៅទូទាំងពិភពលោករយៈពេល មួយសប្តាហ៍កន្លងមក មានប្រមាណ ៣,៧ លាននាក់កើនឡើងជាងសប្តាហ៍មុនដែលមានតែ ៣,៥លាននាក់។ ការឆ្លងកើនឡើង ខ្ពស់ទាំងនៅក្នុងប្រទេសទទួលបានការចាក់វ៉ាក់សាំងច្រើន។
ក្រៅពីអាមេរិកប្រទេសជាច្រើនជុំវិញពិភពលោកក៏មានករណីកើនឡើងខ្ពស់ផងដែរ ដូចជា ឥណ្ឌូនេស៊ីមានករណីឆ្លងថ្មី ៤៥ពាន់នាក់ ម៉ាឡេស៊ី ១២ពាន់នាក់ ថៃ ជាង ១៥ពាន់នាក់។ អ៊ីរ៉ង់មានករណីឆ្លងជាង២៧ពាន់នាក់ លើសពីពេលដំបូងនៃការផ្ទុះកូវីដ១៩ទៅទៀត ។
ជាមួយគ្នានេះដែរ ប្រទេសជាច្រើនបានអនុម័តវិធានការតឹងតែងជាថ្មីឡើងវិញដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ។ នៅអាមេរិករដ្ឋាភិបាលនឹងអនុវត្តវិធានការពាក់ម៉ាស់ជាថ្មីនៅទីសាធារណៈ៕ដោយ៖ធីរីណា
រូបថត៖AP.