ភ្នំពេញ៖ តាមតាមព័ត៌មានបឋម៖ បានអោយដឹងថា, សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានឃាត់ខ្លួន លោក អេង អូន ដែលគេស្គាល់ថាជាមន្ត្រីយោធានៅមូលដ្ឋានទ័ព អាកាសកងកេង ខេត្តព្រះសីហនុ និង ជាប្រធាន ក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ ពាក់ព័ន្ធបទល្មើស ឆបោកនិង រំលោភលើទំនុកចិត្ត ទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារ អាមេរិក ។ ការឈានដល់ការឃាត់ខ្លួននេះ បន្ទាប់ពី មាន ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ដើម្បី ចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថាខ្លួនជានាយទាហាន, ក្នុងនាមក្របខណ្ឌ កងយោធពលខេមរភូមិន្ទ មិនមានសិទ្ធិជាប្រធាន ក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ គឺខុសទៅនឹងលក្ខន្តិកៈកងទ័ពនៃក្រសួងការពារជាតិ។
សូមបញ្ជាក់ថា, ពាក់ព័ន្ធនឹងនាយទាហាន អេង អូន នេះមានសេចក្តីរាយការបានឲ្យដឹងថា ថ្មីៗនេះក្រសួងរ៉ែនិងថាមពល បានសម្រេចផាកពិន័យក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវ ជាប្រាក់ប្រមាណ ៨២១ ១៧១ ០០០ រៀល ស្មើនិង២០៥ ៣១៨ ដុល្លារអាមេរិក នៅក្នុងសំណុំរឿងដែលក្រុមហ៊ុនលួចធ្វើអាជីវកម្ម មុនពេលមានអាជ្ញាប័ណ្ណនិងច្បាប់អនុញ្ញាត ។ ក្នុងករណីដែលក្រុមហ៊ុនយឺតយ៉ាវ ឬមិនព្រមបង់ប្រាក់ពិន័យតាមកាលកំណត់ ក្រសួងរ៉ែនិងថាមពល នឹងបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណឲ្យទៅក្រុម ហ៊ុនតាមការស្នើសុំនោះទៀតផង ។ នេះបើយោងតាមឯកសារដែលចុះហត្ថលេខារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជំរាបទៅលោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឃភ្នំថ្កូវ កាលពីថ្ងៃទី ២៩មិថុនា ឆ្នាំ២០២១ ដែលអ្នកសារព័ត៌មានទើបទទួលបាន ។ នៅក្នុងលិខិតរបស់លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងរ៉ែនិងថាមពលបានទទួលរួចហើយនូវលិខិតរបស់លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវ ចុះថ្ងៃទី ២២កុម្ភៈ ២០២១ ស្នើបដិសេធលិខិតលេខ ៣៣៨ រថ កព ចុះថ្ងៃទី ២០ ឧសភា ឆ្នាំ២០២០ របស់មន្ទីររ៉ែនិងថាមពលខេត្តកំពត និងលិខិតលេខ ០១១០ រថ អរស ចុះថ្ងៃទី ២១មករា ឆ្នាំ២០២១ របស់ក្រសួងរ៉ែនិងថាមពល ស្នើសុំឲ្យក្រសួងបង្កើតក្រុមការងារស្រាវជ្រាវលើទីតាំងជាក់ស្ដែងធ្វើអាជីវកម្មដីក្រហមនៅភ្នំថ្កូវ ស្ថិតនៅភូមិកោះផ្ដៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតនោះ ។ ករណីនេះក្រសួងរ៉ែនិងថាមពលបានចេញលិខិតលេខ ០១១០ រថ អរស ចុះថ្ងៃទី ២១មករា ២០២១ ដោយមានខ្លឹមសារបញ្ជាក់ថា ៖ ក្រុមហ៊ុនបានកាយយកអាចដីក្រហមមុនទទូលបានអាជ្ញាប័ណ្ណអស់បរិមាណចំនួន ៥១ ៣២៩,៥០ម៉ែតគូប ល្មើសនិងមាត្រា៣៥ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការគ្រប់គ្រងអាជីវកម្មធនធានរ៉ែត្រូវរងការផាកពិន័យចំនួនស្មើនិង២ដងនៃចំនួនប៉ាន់ស្មានលើផលិតផលរ៉ែដែលបានជីកយកស្មើនិងទឹកប្រាក់ ៨២១ ២៧២ ០០០រៀល ។ ក្រសួងទុករយៈពេល១៥ថ្ងៃគិតពីថ្ងៃចុះហត្ថលេខានៃលិខិត០១១០ រថ អរស ដើម្បីឲ្យក្រុមហ៊ុនតវ៉ាជាលាយល័ក្ខអក្សរ ផុតពីនេះក្រសួងនិងចេញលិខិតធ្វើការផាកពិន័យពុំទុកពេលតវ៉ទៀតឡើយ និងសម្រេចផាកពិន័យដូចខាងក្រោម ៖
កំណត់យកតម្លៃប៉ាន់ស្មានដីក្រហមស្មើ ៨ ០០០រៀល ក្នុង១ម៉ែតត្រីគុណ ។ ៨ ០០០ រៀល គុណនិង ៥១ ៣២៩.៥០ គុណ២ ស្មើ ៨២១ ២៧២ ០០០ រៀល ។
លោក អេង អូន ត្រូវទៅទំនាក់ទំនងការិយាល័យគ្រប់គ្រងចំណូលមិនមែនសារពើពន្ធធនធានរ៉ែនៃនាយកដ្ឋានផែនការសេដ្ឋកិច្ចធនធានរ៉ែនៃទីស្ដីការក្រសួង ដើម្បីទទួលយកលិខិតបញ្ជាបង់ប្រាក់ និងត្រូវបង់ប្រាក់មិនឲ្យលើសពី៣០ថ្ងៃ ។ ក្នុងករណីមិនអនុវត្តតាមកាលកំណត់ ក្រសួងនឹងសម្រេចបដិសេធការស្នើសុំអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុននៅលើតំបន់ខាងលើ និងបន្តចាត់វិធានការតឹងទារបំណុលតាមនីតិវិធីច្បាប់ជាធរមាន ។
សេចក្តីរាយការបន្តថា ទោះបីក្រសួងរ៉ែ នឹងថាមពល បានចេញការព្រមានធ្ងន់ៗ យ៉ាងនេះក្តី តែក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវរបស់លោក អេង អូន នៅមិនទាន់បង់ប្រាក់ពិន័យទេ ថែមទាំងមានចេតនាគេចវេសការទទួលខុសត្រូវបង់ពន្ធទៀតផង ។ លោក អេង អូន ត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធានៅមូលដ្ឋានទ័ពអាកាសកងកេង ខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍ ភ្នំថ្កូវ ស្រុកកំពង់ត្រាច ខេត្តកំពត ។ ពាក់ព័ន្ធនិងការលួចធ្វើអាជីវកម្មរ៉ែដីក្រហមនៅភ្នំថ្កូវ មានសេចក្តីរាយការពីខេត្តកំពតបានឲ្យដឹងថា មានអភិបាលរងខេត្តម្នាក់ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចដកតំណែងផងដែរ ដោយសារជាប់ពាក់ព័ន្ធនិងទ្រព្យសម្បត្តិរដ្ឋនិងការឃុបឃិតគ្នាជាមួយឈ្មួញបំផ្លាញធនធានធម្មជាតិនៅភ្នំថ្គូវខេត្តកំពតនេះ ដែលលោកអភិបាលរងខេត្តរូបនោះមានឈ្មោះ ហាស់ សុបិន្ត ត្រូវបានអនុក្រិត្យផ្ទេរចេញឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ។
សូមជម្រាបជូនថា បុគ្គល អេង អូន មិនទាន់បង់ប្រាក់ពិន័យទៅក្រសួងរ៉ែនិងថាមពលផង ,បែរជាលេចរឿងព្រហ្មទណ្ឌថ្មី, ពាក់ព័ន្ធបទល្មើស ឆបោកនិង រំលោភលើទំនុកចិត្ត ទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារ អាមេរិក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2021 នេះនិងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ សិលា