ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា គិតត្រឹម ម៉ោង១៨និង៣០នាទីយប់ថ្ងៃទី២៦ ខែកក្កដា បានរកឃើញករណីឆ្លងកូវីដ-១៩ បន្ថែមចំនួន៥.១៧៤នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ក្នុងរយៈពេល២៤ម៉ោងកើនឡើងដល់ទៅ៧.៨៨២នាក់។ ជាមួយគ្នានោះក៏មានអ្នកជំងឺ២.០០៦នាក់បានជាសះស្បើយពីជំងឺផងដែរ ។
តាមរបាយការណ៍ពីក្រសួងសុខាភិបាល ក្នុងចំណោមករណីឆ្លងទាំង៧.៨៨២នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេស២៣នាក់។ ទីក្រុងហូជីមិញនៅតែជាតំបន់មានករណីឆ្លងច្រើនជាងគេបង្អស់ មានរហូតដល់ ៥.៩៩៧នាក់ ខេត្តប៊ិញយ៉ាង ៧៣៣នាក់ ខេត្តដុងណាយ ២៥៩នាក់ ខេត្តទៀងយ៉ាង ២០១នាក់ ខេត្តដុងថាប់មាន១៣៥នាក់ រដ្ឋធានីហាណូយ៨១នាក់…។
គិតត្រឹមថ្ងៃទី២៦ខែកក្កដា នៅទូទាំងប្រទេសវៀតណាម មានករណីឆ្លងកូវីដ១៩សរុប១០៦.៣៤៧នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេស ២.២០១នាក់ ។
ជាមួយគ្នានេះវៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៤,៦លានដូសហើយ ក្នុងនោះមានពលរដ្ឋដែលចាក់ពីរដូសបាន ២៨៩.៨៦៣ នាក់ ។
ដោយករណីឆ្លងកូវីដកើនឡើងខ្ពស់នៅទីក្រុងហូជីមិញបានអនុវត្តច្បាប់បម្រាមគោចរ នាពេលយប់ចាប់ពី ថ្ងៃទី ២៦ខែកក្កដានេះទៅ ៕ដោយ៖ធីរីណា