នៅសល់តែ២ថ្ងៃទៀតទេ យុទ្ធនាការចាក់វ៉ាក់សាំងដូសទីមួយនៅក្នុងស្រុកបន្ទាយស្រីនឹងត្រូវបានបញ្ចប់!

ចែករំលែក៖

ខេត្តសៀមរាប, នៅសល់តែ២ថ្ងៃទៀតទេ យុទ្ធនាការចាក់វ៉ាក់សាំងដូសទីមួយនៅក្នុងស្រុកបន្ទាយស្រីនឹងត្រូវបានបញ្ចប់! សូមមេត្តាអញ្ជើញរួសរាន់ឡើង ដើម្បីកុំឱ្យឱកាសការពារអាយុជីវិតខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍របស់យើងកន្លងផុតទៅឱ្យសោះ! ឱ្យតែមានអាសយដ្ឋាននៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែអាចមកទទួលការចាក់វ៉ាក់សាំងបានទាំងអស់ ក្រុមការងារនឹងសម្របសម្រួលជូនដោយមិនគិតថ្លៃអ្វីទាំងអស់។ នេះជាការថ្លែងពីលោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបនៅថ្ងៃទី 26 ខែកក្កដាឆ្នាំ 2021

លោក ឃឹម ហ្វីណង់ បានបន្តថា, បន្ទាប់ពីបានបញ្ចប់ការចាក់ដោយជោគជ័យនៅតាមឃុំនិងទីតាំងផ្សេងៗរួចមក ក្រុមការងារចាក់វ៉ាក់សាំងបានរំកិលមកដល់ទីតាំងចាក់ចុងក្រោយរបស់ខ្លួន ដែលស្ថិតនៅក្នុងសាលាបឋមសិក្សាត្បែងនៃឃុំត្បែង ដើម្បីដំណើរការចាក់វ៉ាក់សាំងដូសទីមួយជាលើកចុងក្រោយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំត្បែង និងឃុំរំចេក ក៏ដូចជាបងបងប្អូនប្រជាពលរដ្ឋដទៃទៀតមកពីតាមបណ្តាភូមិឃុំនៅក្នុងស្រុកបន្ទាយស្រី ដែលនៅសេសសល់ ខកខានមិនទាន់បានមកចាក់ដោយប្រការណាមួយ មុននឹងចាប់ផ្តើមយុទ្ធនាការចាក់ដូសទី២បន្តទៀត។

ក្រុមការងារមកពីកងពលធំអន្តរាគមន៍លេខ២នឹងដំណើរការចាក់ដូសទី២នៅតាមទីតាំងចាស់នៃឃុំនីមួយៗ ចាប់ពីថ្ងៃទី៥ខែសីហាឆ្នាំ២០២១ ដោយការចាក់ដូសទីមួយនិងដូសទី២ត្រូវមានគម្លាតពីគ្នាយ៉ាងតិចបំផុត២១ថ្ងៃ។ ការចាក់ដូសទី២នេះនឹងផ្តល់ជូនតែពុកម៉ែបងប្អូនដែលបានចាក់ដូសទីមួយរួចរាល់ហើយ និងមានបង្កាន់ដៃបញ្ជាក់ការចាក់ដូសទី១តែប៉ុណ្ណោះ មិនមានការចាក់ថ្មីជូនអ្នកមិនទាន់ចាក់ដូសទីមួយនៅក្នុងអំឡុងពេលនេះឡើយ។

បញ្ជាក់៖ សូមមកដល់ទីតាំងសាលាបឋមសិក្សាត្បែង ឱ្យបានមុនម៉ោង៥ល្ងាចនៃ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print