ភ្នំពេញ ៖ បុរសម្នាក់ពេលត្រលប់មកពីធ្វើការវិញ បានហូបបាយជាមួយប្រពន្ធស្រាប់តែមានអាការៈមិនស្រួលខ្លួនត្រូវបានអ្នកជិតខាងនាំគ្នាជួយសែងចុះពីផ្ទះជួលមកក្រោមដេីម្បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្ដង។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡេីងនៅវេលាម៉ោង ១០យប់ នៅចំណុចផ្ទះជួលក្រោយបុរី អ័រគីដេរ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនងគ្រោះ មានឈ្មោះជាង សំបូរ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរបុគ្គលិក ផ្នែកអចលនទ្រព្យ ស្នាក់នៅផ្ទះជួល ជាន់ទី២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តតាកែវ ។
បេីតាមប្រភពពីស្ត្រីជាប្រពន្ធ មិនបានបញ្ចេញឈ្មោះបានឱ្យដឹងថា មុនពេល
កេីតហេតុ ប្តីរបស់គាត់បានត្រលប់មកពីធ្វើការវិញដូចសព្វដង ហើយក៏បានហូបបាយជាមួយគាត់ជាប្រពន្ធ។ នៅពេលហូបបាយរួចហើយ ស្រាប់តែប្តីរបស់គាត់ មានអាការៈមិនស្រួលខ្លួនដោយចុកថប់ដង្ហើម ហេីយក៏បាត់មាត់បាត់កតែម្តង ។ ពេលឃើញដូច្នេះហើយ រូបគាត់បានហៅអ្នកជិតខាងឲ្យជួយសង្រ្គោះបឋម (រិឹតទ្ទ្រូង លាបប្រេងកូឡា )ហើយក៏បានយកបុរសជាប្តីពីជាន់លើមកជាន់ផ្ទាល់ដីដេីម្បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែនៅពេលមកដល់ជាន់ក្រោមហើយ ប្តីរបស់គាត់មានអាការៈធ្ងន់ធ្ងរទៅៗ លែងនិយាយស្តីអ្វីទាំងអស់ រហូតទាល់តែមានរថយន្តសង្គ្រោះទៅដល់បានពិនិត្យឃើញថា ប្តីរបស់គាត់ បានផុតដង្ហើមបាត់ទៅហើយ ។
ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមក ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យកន្លែងកើតហេតុ រួចហើយក៏បានឲ្យក្រុមគ្រូពេទ្យ យកសំណាកដេីម្បីពិនិត្យរកជំងឺកូវីដ-១៩ តែលទ្ធផលគឺអវិជ្ជមាន ទេីបឲ្យសមត្ថកិច្ចជំនាញធ្វើការបន្ត ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចបានធ្វេីកំណត់ហេតុនិងពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ រួចហើយក៏បានប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាម ប្រពៃណីនៅឯស្រុកកំណើត ៕
ដោយ ៖ភារ៉ា ដង្កោ