ប្រទេសម្ចាស់ផ្ទះជប៉ុនបានដណ្តើមមេដាយបានច្រើនជាងគេឡើងវិញ ក្រោយពីគូប្រជែងអាមេរិក និងចិនបន្តប្រជែងកៀកកិតគ្នា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ គិតត្រឹមព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងគេហទំព័ររបស់អូឡាំពិកអន្តរជាតិ។
គិតត្រឹមថ្ងៃទី២៦ កក្កដាម្សិលមិញចិនបាននាំមុខគេ និងជប៉ុនឈរចំណាត់ថ្នាក់លេខ២ ឯអាមេរិកឈរចំណាត់ថ្នាក់លេខ៣ ប៉ុន្តែរហូតមកដល់ពេលនេះ(ថ្ងៃទី២៧ កក្កដា) ជប៉ុនបានឡើងឈរលើគេវិញដោយដណ្តើមបានមេដាយសរុបបណ្តោះអាសន្ន១៣មេដាយ ក្នុងនោះមេដាយមាស៨, ប្រាក់២ និងសំរិទ្ធិ៣។
ចំណែកប្រទេសឈរចំណាត់ថ្នាក់លេខ២គឺសហរដ្ឋអាមេរិកដែលទទួលបានមេដាយសរុបបណ្តោះអាសន្ន១៥មេដាយ ក្នុងនោះមេដាយមាស៧, ប្រាក់៣ និងសំរិទ្ធិ៥។ រីឯសាធារណរដ្ឋប្រជាមានិតចិនឈរចំណាត់ថ្នាក់លេខ៣ ទទួលបាន១៨មេដាយ ក្នុងនោះមេដាយមាស៦, ប្រាក់៥ និងសំរិទ្ធិ៧។
ជាមួយគ្នានេះគិតត្រឹមថ្ងៃទី២៧កក្កដាដូចគ្នា ប្រទេសដែលស្ថិតក្នុងតំបន់អាស៊ានជាមួយកម្ពុជាដែរក៏ទទួលបានមេដាយផងដែរ ក្នុងនោះប្រទេសហ្វ៊ីលីពីនទទួលបានមេដាយមាស១គ្រឿង, ប្រទេសថៃមេដាយមាស១គ្រឿង, ឥណ្ឌូនេស៊ីទទួលបានមេដាយប្រាក់១គ្រឿង និងសំរិទ្ធិ១គ្រឿង ៕ (រូបភាព ៖ BBC Sport)ដោយ៖ភារៈ