ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើលិខិតទៅកាន់អភិបាលរាជធានី-ខេត្ត ឱ្យពន្យារពេលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា, ខ្ញុំសូមជម្រាបជូន លោក លោកស្រី អភិបាល នៃគណៈ អភិបាលរាជធានី ខេត្ត ជ្រាបថា ដោយសារស្ថានការណ៍នៃការរាតត្បាតជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍ សហគមន៍«២០កុម្ភៈ» នៅតែបន្តរីករាលដាល និងមិនទាន់មានសញ្ញាធូរស្រាលនៅឡើយ ហើយទន្ទឹមនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសរកឃើញនូវករណីនាំចូលប្រភេទវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី(Delta) ដែលវាមានសមត្ថភាពឆ្លងលឿនរហ័ស និងកាចសាហាវគួរឲ្យព្រួយបារម្ភ។ ដូច្នេះ ដើម្បីបន្តចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូដ-១៩ដ៏កាចសាហាវនេះ ស្របតាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ សូមណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពន្យាពេលការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់មានការណែនាំជាថ្មី។ អាស្រ័យហេតុនេះ សូម លោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជ្រាបនិងចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាព។
សូម លោក លោកស្រី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅ អំពីខ្ញុំ៕ដោយ៖សុខ ខេមរា