ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបើកផ្សារព្រះដាក់ ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីឡើងវិញ បន្ទាប់ពីអាជីវករបន្តបន្ទាប់តេស្ដឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ។
បេីយោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត អាជ្ញាធរសម្រេចអនុញ្ញាតឱ្យបើកដំណើរឡើងវិញនូវផ្សារព្រះដាក់ បន្ទាប់ពីបិទជាបណ្ដោះអាសន្ន ដើម្បីគ្រប់គ្រងការឆ្លងរាលជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២៧ ខែកក្កដា តទៅ។ ការសម្រេចនេះ ដោយសារអាជ្ញាធរអាចគ្រប់គ្រងស្ថានឆ្លងរាលដាលនៅទីតាំងនោះបានឡើងវិញ និងពុំមានករណីឆ្លងថ្មីនោះទេ។
ក្រៅពីផ្សារព្រះដាក់ ក្នុងលិខិតដាច់ដោយឡែកមួយទៀត អាជ្ញាធរខេត្តសៀមរាប ក៏សម្រេចបើកទីតាំង ផ្ទះ ជិត៣០ទីតាំងទៀត ស្ថិតនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាបផងដែរ។ បន្ថែមពីនេះ ក៏បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ ស្ថាបនា ភីអិលស៊ី សាខាស្រុកជីក្រែង ឱ្យដំណើរការឡើងវិញផងដែរ៕ដោយ៖សហការី